សៀមរាបៈ លោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់Post Newsថា កាលពីយប់មិញ មានករណីផ្ទុះអាវុធ១គ្រាប់ ពីសំណាក់ក្រុមក្មេងស្ទាវមួយក្រុម បន្ទាប់ពីមានជម្លោះមើលមុខគ្នា ឌឺដងចុះឡើង រហូតដកអាវុធបាញ់ផ្អើលតែម្តង។
ករណីនេះបានកើតឡើងកាលពីចន្លោះពីម៉ោង ១១និង៣០នាទីយប់ ទៅម៉ោង១២ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវ ជិតខារ៉ាអូខេ កេសរកូល ក្រុងសៀមរាប។
លោក ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្ថែមថា ករណីនេះជនសង្ស័យ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង រួមមានម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាកZomer-X ។ ក្រោយពីបាញ់បោះ អាវុធអស់១គ្រាប់រួចមក កម្លាំងប៉ូលិសបានអន្តរាគមន៍ ដេញចាប់បានជនសង្ស័យម្នាក់ភ្លាមមានឈ្មោះ ម៉ារ ប៊ុនថន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវនៅសណ្ឋាគារ Lemeriden Angkor ផ្នែកស្ពាម៉ាស្សា រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
ក្រោយមក កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ចាប់បានជនដៃដល់(ជាអ្នកបាញ់) ម្នាក់និងបក្ខពួកម្នាក់ទៀតទី១ឈ្មោះ មុំ ចំរ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងសណ្ឋាគារសៀមរាបថោន ក្រុងសៀមរាប ស្នាក់នៅភូមិបន្ទាយចាស់សង្កាត់ស្លរក្រាម ក្រុងសៀមរាប និងទី២ឈ្មោះ ម៉ន សុគា អាយុ២២ឆ្នាំ មុខរបរ ធ្វើការនៅសណ្ឋាគារ Ree Hotel ផ្នែកបោកគក់ ស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំក្រុងសៀមរាប។
ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ន សុលាភ អាយុប្រហែល១៧ឆ្នាំ បានគេចខ្លួនបាត់ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តតាមចាប់ខ្លួន។
ក្នុងនោះដែរ សមត្ថកិច្ចជំនាញបានធ្វើការដកហូតបាន កាំភ្លើងខ្លីម៉ាកK54 ចំនួន១ដើម មានគ្រាប់ចំនួន៤គ្រាប់ សំបកគ្រាប់ដែលបានបាញ់ចំនួន៤ ក្នុងនោះមាន៣គ្រាប់អត់ផ្ទុះ ។
ក្នុងនោះដែរ បើយោងតាមការសារភាពពីជនដៃដល់ បានឲ្យដឹងថា គឺបណ្តាលមកពីពួកគេស្រវឹង គាប់ជួនមានការឌឺដងគ្នារវាងក្រុមស្ទាវម្ខាងទៀត មើលមុខដឺគ្នា ក៏ឈានទៅដល់ការផ្ទុះអាវុធបែបនេះតែម្តង។
ហើយបច្ចុប្បន្នចំពោះក្រុមជនដៃដល់ខាងលើ សមត្ថកិច្ចនឹងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃស្អែក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់