ព័ត៌មានជាតិ

ដើមបណ្ដឹងអំពាវនាវឲ្យតុលាការរក្សាជំហយុត្តិធម៌ ខណៈតំណាងអយ្យការលើលែងបទចោទលើជនជាប់ចោទ

ភ្នំពេញៈ ទីបំផុតទៅសំណុំជម្លោះព្រំដីបន្តិចបន្តួច ប៉ុន្តែភាគីជនជាប់ចោទអាងខ្សែអ្នកធំ ហើយបានលើកគ្នាមកវាយជញ្ជាំងគូភាគីជម្លោះចោល កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនោះត្រូវបានលោក អ៊ី ឋាវរៈ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បើកសវការជាសាធារណៈហើយនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោយពីរឿងមួយនេះ ត្រូវបានជាប់គាំងអស់រយៈពេលជិត២ឆ្នាំ។

ទោះជាមានការបើកសវនាការកាត់ទោសជនជាប់ចោទ ចំនួន ៤នាក់ រួមមានឈ្មោះ ទូច ម៉ុង ឈ្មោះ ទូច ខួច ឈ្មោះ ទូច គឹមឡុង និងឈ្មោះ ទូច ធឿន និងមានសម្តីសារភាពថា ពួកគេពិតជាបានប្រព្រឹត្តរឿងនោះមែន ក៏ដោយចុះ ក៏ដើមបណ្ដឹងឈ្មោះ ឈឺន សៀកលីន និងគ្រួសារ បានសម្តែងការខកចិត្ត និងក្តីបារម្ភចំពោះលទ្ធផលនៃសំណុំរឿងនេះ ក្រោយពេលដែលលោក គង់ សំសារ៉េត ជាតំណាងអយ្យការសវនាការបានសម្រេច លើកលែងបទចោទប្រកាន់លើជនជាប់ចោទទាំង ៤នាក់ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា៤១០ និង៤១១ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមការជាប់ពន្ធនាការពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ដោយរក្សាត្រឹមតែបទ ជេរប្រមាថជាសាធារណៈ តាមមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការដាក់ទោត្រឹមពិន័យជាប្រាក់ ពី១០ម៉ឺនរៀល ទៅ១០លានរៀលតែប៉ុណ្ណោះ ពោលគឺលើកលែងលែងបទចោទ ធ្ងន់ រក្សាបទចោទស្រាល។

កញ្ញា ឈឺន សៀកលីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា កញ្ញា នៅតែជឿជាក់លើ ចៅក្រមជំនុំជម្រះ បើទោះជារឿងនេះ មានភាពអយុត្តិធម៌ចំពោះគ្រួសារកញ្ញាតាំងពីដើមទីមកក៏ដោយ។ ភាពអយុត្តិធម៌គឺនៅត្រង់ថា ក្រុមជនជាប់ចោទបានលើកគ្នា ទាំងហ្វូងទៅវាយកម្ទេចរបងដែលកញ្ញាឲ្យជាងសង់លើដីរបស់ខ្លួនដែលមានរបងកំណត់ព្រំប្រទល់ត្រឹមត្រូវ តែទីបំផុតភាគីជនជាប់ចោទបានប្រើឈ្មោះ ឧត្តមសេនីយ៍ មានអំណាចម្នាក់ដើម្បីបន្លាចអាជ្ញាធរ និងតុលាការ ធ្វើឲ្យរឿងនេះគាំងទៅមុខលែងរួចអស់ជិត២ឆ្នាំ។ ដើមបណ្ដឹងបានសំណូមពរឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត និងការខូចខាតចំនួន ៥ម៉ឺនដុល្លារ។

នៅក្នុងសេចក្តីសន្និដ្ឋានរបស់លោក គង់ សំសារ៉េត តំណាងអយ្យការបាន លើកលែងបទចោទលើជនជាប់ចោទ ដោយសម្អាងថា ការប្រព្រឹត្តរបស់ជនជាប់ចោទ ដែលលើកគ្នាទៅវាយកម្ទេចរបង និងដេញវាយជនរងគ្រោះ ដល់ក្នុងផ្ទះនោះ ព្រោះជនជាប់ចោទ ខឹងជនរងគ្រោះធ្វើរបងចូលដីពួកគេ ហើយការវាយកម្ទេចរបង និងដេញវាយជនរងគ្រោះនោះទៀតសោធ ជាការការពារប្រយោជន៍របស់ជនជាប់ចោទ ដូច្នេះតំណាងអយ្យការយល់ឃើញថា អាចលើកលែងបទចោទប្រកាន់បាន ព្រោះគ្មានធាតុផ្សំនៃបទល្មើសទេ បើទោះជាមានវីដេអូវាយកំទេចរបង និងរើសដុំថ្មគប់ជនរងគ្រោះក៏ដោយ។

ប្រភពពីមន្ត្រីសាលាដំបូងបានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា សំណុំរឿងមួយនេះ ត្រូវបានគេចាត់តាំងឲ្យ តំណាងអយ្យការ អស់ ៣រូបទើបអាចឈានដល់ការចោទប្រកាន់ និងបើកសវនាការកាត់ទោសជនជាប់ចោទទាំង ៤នាក់ ប៉ុន្តែទីបំផុត តំណាងអយ្យការបែរជាលើកលែងបទចោទដែលធ្ងន់ រក្សាតែបទចោទដែលស្រាលស្ងើកទៅវិញ។

ប្រភពដដែលបានបង្ហើបថា សំណុំរឿងនេះក៏មាន មន្ត្រីនគរបាលស័ក្តិ ៤ ដ៏មានឥទ្ធិពលម្នាក់ជាអ្នករត់ការ និងសម្រួលនីតិវិធីដល់ជនជាប់ចោទយ៉ាងរលូន ដោយបានជូនជនជាប់ចោទទាំង ៤នាក់ចេញចូលក្នុងតុលាការ និងសវនាការយ៉ាងសកម្ម ដែលគេហាក់កត់សម្គាល់ថា វាមានភាពខុសប្លែកពីជនជាប់ចោទដទៃៗដែល គេពុំដែលឃើញនគរបាលស័ក្តិ ៤រូបនេះយកចិត្តទុកដាក់ដល់កម្រិតនេះឡើយ។

ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ខាងមុខ៕

https://youtu.be/-L-AX2vlzdU

មតិយោបល់