ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តគេចពីគោ បុកចូលតូបលក់ដូរមួយកន្លែង ស្រ្តីម្នាក់របួសធ្ងន់

ព្រះសីហនុ: លោកអធិការរងស្រុកកំពង់សីលា បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស បណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រ១២៧-១២៨ ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ខេត្តព្រះសីហនុ។

លោកអធិការរងបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2k-7135 បើកបរដោយជនជាតិចិនមានគ្នា២នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានគេចពីសត្វគោ ក៏បានរ៉េចង្កូតធ្លាក់ ទៅខាងស្តាំដៃ ទៅបុកនឹងតូបលក់ដូរជាប់នឹងផ្លូវបណ្តាលឲ្យម្ចាស់តូបរងរបួសធ្ងន់។

ជនជាតិចិនទាំង២នាក់ខាងលើ ទី១ឈ្មោះ XIA FEI ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកបើកបរ និងទី២ ឈ្មោះ HE QIW QIN ភេទស្រី អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់តូបមានឈ្មោះ រី ស្រីយ៉ា ភេទស្រី អាយុ៥០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យក្រុងភ្នំពេញ។

ចំណែករថយន្តត្រូវផ្នែកយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា រងចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់