ព័ត៌មានជាតិ

អាវុធហត្ថបង្ក្រាបគ្រឿងញៀន៤ករណី ឃាត់ខ្លួនមនុស្ស៤នាក់បញ្ជូនទៅតុលាការ!

បាត់ដំបង: កងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបាត់ដំបងបានបង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀនបានចំនួន៤ករណីក្នុងនោះផងដែរកងរាជអាវុធហត្ថក្រុងបង្ក្រាបបានមួយករណីក្រោមការចង្អុលបង្ហាញពីឯកឧត្តម ប៉ោ វណ្ណ: មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបន្ដការយកចិត្តទុកដាក់ក្នុងការកាត់ផ្ដាច់ការចរាចរណ៍គ្រឿងញៀន រយ:ពេលតែមួយថ្ងៃក្រោយពេលបោះឆ្នោតរួច កងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបាត់ដំបងបានបង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀនបានចំនួន៤ករណីក្នុងនោះកងរាជអាវុធហត្ថក្រុងបង្ក្រាបបានមួយករណីរួមមាន៖

ករណីទី១៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦និង៤០នាទីល្ងាច ដែលស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កងកម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចម្រើន ដារ៉ា ហៅពាវ ភេទប្រុស អាយុ៣១ឆ្នាំ គ្មានមុខរបរ ទីលំនៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដកហូតវត្ថុតាង គ្រឿងញៀនម៉ាទឹកកកក ១កញ្ចប់ ទម្ងន់២៦,០៧ក្រាម,រថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ស៊េរី ឆ្នាំ១៩៩៧ ស្លាកលេខ ភ្នំពេញ 2C- 4773 និងម៉ូតូ ១ គ្រឿង ម៉ាកហុងដាឃ្លីគ ពណ៌បៃតង ។

ករណីទី២៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៤៥នាទីព្រឹក ស្ថិតនៅភូមិឱម៉ាល់ សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង កងកម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពោ សុផាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ធ្វើស្រែ ទីលំនៅភូមិឱម៉ាល់ សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ដកហូតវត្ថុតាង គ្រឿងញៀនម៉ាទឹកកក ៦ កញ្ចប់ ទម្ងន់ ២៩,២៣ ក្រាម និងគ្រឿងញៀនយាម៉ាគ្រាប់ ៦ គ្រាប់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ។

ករណីទី៣៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១រសៀល កងកម្លាំងការិយាល័យជំនាញ បានចុះដល់ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ ប៉ន់ ប៉ែន ហៅ បៀង ភេទប្រុស អាយុ៣០ ឆ្នាំ គ្មានមុខរបរ ទីលំនៅបច្ចុប្បន្នភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ១ កញ្ចប់ ទម្ងន់ ០, ៧៥ ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កំពុងរក្សាទុកនៅការិយាល័យ ដើដ្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។

ករណីទី៤៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៥រសៀល នៅចំណុចក្នុងស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កងកម្លាំងមូលដ្ឋាន អហ ក្រុងបាត់ដំបង បានធ្វើការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១លើក ដោយឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ឈ្មោះ សុប រ៉ាវី ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដកហូតវត្ថុតាង សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ១០ កញ្ចប់ ទម្ងន់ ៣២.៦៨ ក្រាម និងទូរស័ព្ទដៃ ១ គ្រឿង ។

ជនសង្ស័យ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកនៅអង្គភាព ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់