ភ្នំពេញៈ ក្រោយពីចំណាយពេលសាកសួរបន្តអស់ជាច្រើនម៉ោងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ស៊ិន វិរៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់តាម Telegram ថា លោក បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ តេង សារឿន (ជាបងប្រុស) ពីបទ ឆបោក យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ លោកបានបញ្ជាក់ថា ចំពោះជនសង្ស័យឈ្មោះ តេង មករា (ជាប្អូនប្រុស) លោកបានសម្រេចដោះលែងឲ្យមានសេរីភាពវិញ ដោយសារតែជននេះមិនមានពាក់ព័ន្ធ ប៉ុន្តែគ្រាន់តែសមត្ថកិច្ចក្រសោមក្នុងរង្វង់ប្រតិបត្តិការតែប៉ុណ្ណោះ ដូច្នេះជននេះមិនជាប់ពាក់ព័ន្ធនោះទេ។
យោងតាមប្រភពពីសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ជាបងប្អូនបង្កើតដោយទី១ឈ្មោះ តេង សារឿន ភេទប្រុស ជាតំណាងសមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) និងក្រុមហ៊ុន Empire Big Capital Limited (EBC) ជាបង និងទី២ឈ្មោះ តេង មករា ភេទប្រុស ជាប្អូន។
ប្រភពបានបញ្ជាក់ថា សមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) តាមបណ្តោយផ្លូវ២៧១ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ១,១៤១ នាក់ ទូទាំងប្រទេសកម្ពុជា ដែលបានចោទថាក្រុមជនសង្ស័យបានបោកប្រាស់លុយពួកគាត់អស់ចំនួនប្រមាណ ៥៩ម៉ឺនដុល្លារអាមេរិក ក្រោមរូបភាពបញ្ជើទទួលបានការប្រាក់ខ្ពស់។
ក្រៅពីជនសង្ស័យទាំង២នាក់ខាងលើនេះ សមត្ថកិច្ចក៏កំពុងតែតាមចាប់ជនសង្ស័យជាច្រើនរូបដែលជាបក្ខពួក រួមមាន៖
-ឈ្មោះ ហួត សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ជាប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
-ឈ្មោះ ជិហ្គោ សាលី ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រធាន សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) ស្នាក់នៅផ្ទះលេខ១១៤H ផ្លូវលេខ៥៥ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
-ឈ្មោះ Tan Tze Chin ហៅ Sean Tan ជនជាតិម៉ាឡេស៊ី ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខA28455291 ជាប្រធានក្រុមហ៊ុន Empire Big Capital Limited (EBC)
-ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើតភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៦៤ ផ្លូវ១៩ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕
https://youtu.be/52pCn8xEEqM
មតិយោបល់