ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះលោក សាន សុផាត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើអង្គសេចក្តីលើសំណុំរឿង លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥C ផ្លូវ៣០០ ភូមិ២សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែវិច្ឆ កាឆ្នាំ២០១៥ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៥៣ និមាត្រា៣៥៧នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទាំង៣នាក់រួមមាន៖
-ទី១ ឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ។
-ទី២ ឈ្មោះ ធី សុវណ្ណរិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំមុខរបរ ជាងជួសជុលទូរស័ព្ទ។
-ទី៣ ឈ្មោះ ពៅ ភ័ត្រា ភេទប្រុស អាយុ ១៩ឆ្នាំមុខរបរ ជាងជួសជុលទូរស័ព្ទ។
-ទី៤ ឈ្មោះ គង់ និរន្ត ភេទប្រុស បានរត់គេចខ្លួន។
នៅក្នុងសវនាការជនជាប់ចោទ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាណប្លន់ម៉ូតូពីជនរងគ្រោះពិតមែន។ ជនជាប់ចោទបន្តថា ពួកខ្លួនបានចេញពីក្លឹបនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃកើតហេតុ ក៏បានឃើញជនរងគ្រោះជិះម៉ូតូ ទៅឈប់នៅមុខផ្ទះកំពុងចាក់សោររបងផ្ទះ ឃើញឱ្យកាសល្អ ពួកខ្លួនក៏បានធ្វើសកម្មភាពប្លន់តែម្តង ដោយពេលនោះជនរងគ្រោះបានរត់ចោលម៉ូតូ។ នៅក្រោយពេលប្លន់បានហើយពួកខ្លួនបានយកម៉ូតូនោះទៅបញ្ចាំនៅហាងមួយយីហោ ហ៊ីឈុន នៅម្តុំផ្សារឃ្លាំងរុំសេវ បានតំម្លៃ១០០០ដុល្លារ រួចបានយកលុយទៅចែកគ្នាបានម្នាក់២០០ដុល្លារ។
គួរបញ្ជាក់ថា នៅក្នុងសវនាការមិនមានវត្តមាន ឬការបញ្ជាក់ពីសាវតាជាតិរបស់ជនរងគ្រោះនោះទេ ដោយលែកម៉ូតូជនរងគ្រោះក៏មិនត្រូវបានគេលើកឡើងក្នុងសវនាការនោះទេ ពោលគឺជនរងគ្រោះមិនបានប្តឹងទាមទារសំណងរដ្ឋប្បវេណីអ្វីឡើយ។
ទោះជាយ៉ាងណាលោក សាន សុផាត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមនៃសំណុំរឿងនេះរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ៕
មតិយោបល់