មណ្ឌលគិរីៈ លោក វរសេនីយ៍ត្រី យិន ចិន្តា ប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបញ្ជាក់ប្រាប់ Post News មុននេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ គេចពីរថយន្តនិងម៉ូតូផ្សេងទៀត បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលជ្រោះ រហូតបណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ តែសំណាងណាស់ដែលគ្មានអ្នកស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានអូតេ តាមបណ្តោយផ្លូវជាតិលេខ៧៦ ភូមិពូហ្យាម ឃុំសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់ធ្លាក់ជ្រោះនេះ ជាប្រភេទរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6488 រថយន្តធ្វើដំណើរពីភ្នំពេញ មកមណ្ឌលគិរី ដោយមានអ្នកបើកបរឈ្មោះ ឈិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (របួសធ្ងន់) និងមានអ្នករួមដំណើដំណើរម្នាក់ទៀតឈ្មោះ បិន ខឿន សុជាតិ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (របួសធ្ងន់)។
ក្រោយពីកើតហេតុហើយនោះ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី រីឯរថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរាំងផងដែរ៕
មតិយោបល់