ព័ត៌មានជាតិ

បញ្ជូនបុរស ដែលបើករថយន្តទាំងស្រវឹង បង្កឲ្យបាត់សណ្តាប់ធ្នាប់ កាលពីយប់មិញទៅកាន់តុលាការ

ព្រះសីហនុ: សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បានបញ្ជូនបុរសម្នាក់ ដែលបើកបររថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹង ហើយអួតអាងថាខ្លួនជាអង្គរក្សសម្តេច ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៦នេះ។

លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលការងារសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា៖ បុរសរូបនេះមានឈ្មោះ អ៊ុក សាមិត្ត អាយុ៤០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់បន្លែ។ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការសាកសួរ គឺពុំមានតួនាទីជាកងអង្គរក្ស ដូចការអួតអាង កាលពីយប់នោះឡើយ។

លោកបានបញ្ជាក់ថា កាលពីយប់ម្សិលមិញនេះ ក្រុមរបស់គាត់ (អ្នកស្រវឹង) មានគ្នា៧នាក់ បានមកផឹកស៊ីនៅផ្ទះឪពុកធម៌ នៅភូមិរាម ស្រុកព្រៃនប់ ផឹកABC អស់១កេះ បន្ទាប់មកបានបន្តមកផឹកស៊ី ច្រៀងខារ៉ាអូខេ នៅក្រោយពេទ្យសង្កាត់លេខ៤ ក្រុងព្រះសីហនុ អស់១កេះកន្លះថែមទៀត។ ឈ្មោះ អ៊ុក សាមិត្ត ជាអ្នកបើកបររថយន្ត ហាយឡែនឌ័រ មានស្លាកលេខ2AG-5133 ក្រោយពីបញ្ចប់ការផឹកស៊ី បានថយរថយន្ត បណ្តាលឲ្យប៉ះកន្ទុយម៉ូតូស្កុបពីបន្តិច ក៏កើតទៅជារឿងរ៉ាវឈ្លោះប្រកែកគ្នាឡើ ក្នុងពេលនោះឈ្មោះ អ៊ុក សាមិត្ត មានអាកប្បកិរិយាមិនសមរម្យ ដោយអួតអាងថាខ្លួនជាអង្គរក្សសម្តេច។

ពេលសម្ថកិច្ចទៅធ្វើអន្តរាគមន៍ មិនព្រមសហការជាមួយ នៅយប់នោះទម្រាំនឹងយល់ព្រម ឲ្យវាស់ជាតិអាលកុល គឺចូលដល់ម៉ោង៤ជិតភ្លឺ។ ការពិនិត្យជាតិអាល់កុលមានកម្រិត០,៣៨mg/l។

លោក អ៊ី សុខា បានបន្តថាករណីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់។ ទុកជាការព្រមាន ដល់ជនដទៃផ្សេងទៀតកុំឲ្យយកតម្រាប់តាម៕

photo_2016-05-24_17-18-27 photo_2016-05-24_17-18-28

មតិយោបល់