ព័ត៌មានជាតិ

Update៖ សង្ស័យមានវិបត្តិផ្លូវចិត្ត បុរសជនជាតិចិនវ័យជាង ៣០ឆ្នាំម្នាក់ លោតសម្លាប់ខ្លួនពីលើស្ពានអាកាសថ្មើរជើង

ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត ទើបសម្រេចចិត្តលោតពីលើស្ពានអាកាសថ្មើរជើង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅមុខផ្សារជម្ពូវ័នក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនខាងលើ អាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោជើងខ្លី ពាក់អាវយឺតដៃខ្លី ពណ៌ទឹកសមុទ្រ បានរត់ឡើងលើស្ពានអាកាសថ្មើរជើង និងឡើងលើបង្កាន់ដៃ ក្នុងបំណងលោតសម្លាប់ខ្លួន ពេលនោះ មានអ្នកឃើញហេតុការណ៍ បានព្យាយាមរត់ទៅជួយដែរ តែមិនទាន់ស្រាប់តែលោតមកខាងក្រោម បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ រួចរាយការណ៍ទៅជំនាញកោសល្យវិច័យចុះពិនិត្យជាក់ស្តែង រួចក៏ដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីរងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់