ភ្នំពេញៈ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដែលបានផ្តួចផ្តើមគំនិតបង្កើតឡើង ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វគ្គទី៤ ចាប់ផ្ដើមទទួលការចុះឈ្មោះប្រកួតប្រជែងនៅថ្ងៃនេះ ដោយមានភ្ជាប់នូវរង្វាន់ធំ គឺម៉ូតូ១គ្រឿង។ នេះបើតាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។
ហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី៤ ចាប់ទទួលការចុះឈ្មោះប្រកួតប្រជែង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ។ ជាមួយគ្នានេះ សម្ដេចបញ្ជាក់ថា “កិត្តិយស និងរង្វាន់ធំ! នៅខែ មិថុនា ២០១៦ ខាងមុននេះ នឹងបើកឲ្យមានការប្រកួតប្រជែងយករង្វាន់ធំ គឺរង្វាន់ម៉ូតូ១គ្រឿង!។ លក្ខខ័ណ្ឌចូលរួមប្រកួតប្រជែង នឹងជំរាបជូននៅពេលដ៏ខ្លីខាងមុខនេះ។ កម្មវិធីរងា្វន់ធំនេះ គឺសម្រាប់យុវជនយុវតីដែលបានធ្វើសកម្មភាពល្អក្នុងសង្គមរួចហើយ”។
យុវជន-យុវនារី ដែលមានស្នាដៃល្អ ឬកំពុងធ្វើការងារមនុស្សធម៌ក្នុងសង្គម និងប្រជាពលរដ្ឋចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ សូមផ្ញើវីដេអូសកម្មភាព អត្តបទ កំណាព្យ ឬគំនូរមកកាន់កាន់វេបសាយ (Website) ខាងក្រោម: http://samdechhunsen.gov.kh/khmer_youth_role_model/login.php ។
សម្ដេច បញ្ជាក់បន្ថែមថា កម្មវិធីនេះ គឺគាំទ្រ លើកស្ទួយ និងជំរុញឲ្យយុវជនយុវនារីក្លាយទៅជាពលរដ្ឋគំរូល្អក្នុងសង្គម។ យុវជនជ័យលាភីទាំង១០នាក់ នឹងទទួលបាននូវប័ណ្ណសរសើររបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រាក់រង្វាន់ជាច្រើនទៀត។
គួរជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បែងចែកជា៣ដំណាក់កាល រួមមាន ដំណាក់កាលទី១ ជាដំណាក់កាលដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងគេហទំព័ររបស់សម្ដេច។ ដំណាក់កាលទី២ បេក្ខជនចំនួន១០០នាក់ ដែលបានជ្រើសរើសដោយក្រុមបច្ចេកទេសរួចហើយ គឺនឹងត្រូវយកទៅប្រកួតប្រជែងនៅលើគេហទំព័រសម្ដេចតេជោ ដើម្បីជ្រើសរើសយក Top10 ក្នុងរយៈពេល២ថ្ងៃថែមទៀត។ ដំណាក់កាលទី៣ បេក្ខជនដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេចំនួន១០នាក់ ត្រូវបានយកទៅបោះឆ្នោតប្រកួតប្រជែងនៅក្នុងទំព័រហ្វេសប៊ុកសម្ដេចតេជោ រយៈពេល២ថ្ងៃបន្ថែមទៀត ទើបប្រកាសពីបេក្ខជនទទួលជ័យលាភី៕
មតិយោបល់