ព័ត៌មានជាតិ

Update៖ ឆក់ IPhone 7Plus ពីជនជាតិចិនត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក IPhone 7Plus ពីបុរសជនជាតិចិនម្នាក់បានសម្រេច ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា សហកាជាមួយសមត្ថកិច្ចខណ្ឌចំការមន ដេញតាមចាប់ខ្លួនបានភ្លាមៗបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ ចាន់ សុខ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ជាមុខសញ្ញាចាស់ទើបតែចេញពីគុក) និងទី២ឈ្មោះ ម៉េង ហុង អាយុ២៤ឆ្នាំស្នាក់នៅមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

ចំណែកជនរងគ្រោះជាម្ចាស់ទូរសព្ទដៃមានឈ្មោះ ចាំង វ៉ៃអ៊ី ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ស្នាក់នៅសណ្ឋាគាអានីកូ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយទូរសព្ទដែលជនសង្ស័យឆក់យកទៅនោះ ម៉ាកIPhone 7Plus ពណ៌ខ្មៅ។

យោងតាមប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរឆ្លងផ្លូវនៅខាងលិចស្ពានឥន្ធនូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណៈនោះ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ខ្មៅលាយក្រហម អត់ស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរសព្ទដែម៉ាកIPhone 7Plus ពណ៌ខ្មៅ ពីជនរងគ្រោះបានសម្រេច ខណៈនោះសមត្ថកិច្ចខណ្ឌ៧មករា ដែលកំពុងតែតាមច្បាមមុខសញ្ញាចាស់ផងនោះ បានឃើញក៏បានដេញតាមរហូតដល់ផ្លូវសុធារស ជិតស្តុបចំការមន ទើបចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនោះបាន រួចសហកាជាមួយសមត្ថកិច្ចខណ្ឌចំការមន ដើម្បីបញ្ជូនជនសង្ស័យខាងលើនេះ មកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករាតែម្តង។

ក្រោយពេលកើតហេតុ ទូរសព្ទខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ដើមវិញចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីសាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការទៅតាមនីតិវិធី៕

https://youtu.be/WI14mZ6uxMA

មតិយោបល់