ភ្នំពេញ: នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានប្រកាសជាសាធារណៈ នូវការសម្រេចយកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាថ្ងៃនៃដំណើរការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងពិធីចែកសញ្ញាបត្រ នៃសាកលវិទ្យាល័យអាស៊ីអឺរុបនាព្រឹកថ្ងៃទី២៥ ខែឧសភាថា កន្លងមកនេះ សម្តេចបានទទួលសំណើរ ពីក្រសួងមហាផ្ទៃ ក្នុងនោះសម្តេចក្រឡាហោម ស ខេង បានស្នើឲ្យមានការសម្រេចកំណត់ ថ្ងៃបោះឆ្នោតឃុំសង្កាត់លើកទី៤ នៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៧។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ “ម្សិលមិញនេះសម្តេចក្រឡាហោម កំពុងនៅឯខេត្តសៀមរាប ដើម្បីដង្ហែព្រះកូណា ក្នុងពិធីចតព្រះនង្គ័ន ខ្ញុំក៏បានហៅទូរសព្ទ័ទៅគាត់ថា ឥឡូវនេះ យើងគួរផ្សាយថ្ងៃហ្នឹងតែម្តងទៅ ព្រោះថាវាមិនចាំបាច់ថាថ្ងៃបុណ្យ ថ្ងៃទានអីនោះទេ”។
សម្តេចបានបន្តថា ហេតុអីបានជាមានការប្រញាប់ប្រញាលយ៉ាងដូច្នេះ ប៉ុន្តែសម្តេច ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងច្បាប់គឺតម្រូវឲ្យនាយករដ្ឋមន្ត្រី ត្រូវប្រកាសពីកាលបរិច្ចេទនៃថ្ងៃបោះឆ្នោត យ៉ាងតិចណាស់គឺ៩ខែមុន ដូច្នេះយល់ឃើញថា បើត្រូវប្រកាសមុនជាង១ឆ្នាំនេះ គឺវាមិនមានអ្វីទាស់ខុសនោះទេ ព្រោះសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។
សម្តេចមានប្រសាសន៍ថា៖ “រឿងនេះវាងាយយល់នៅកន្លែងនេះ ដើម្បីសម្រួលឲ្យទាំងអស់គ្នា ទាំងគណៈកម្មាធិការបោះឆ្នោត ដែលគាត់និងត្រូវចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខ អាចត្រៀមរៀបចំខ្លួនធ្វើសកម្មភាពនេះ”៕

មតិយោបល់