ព័ត៌មានជាតិ

កម្ពុជា គ្រោងនាំចេញទឹកដោះគោផលិតក្នុងស្រុក ទៅកាន់ពិភពលោក

ភ្នំពេញ: ក្រុមហ៊ុនទឹកគោ អង្គរមាល (Angkor Milk) ជារោងចក្រទឹកគោទី១ បានចាប់ផ្តើមដំណើរក្នុងការផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចជំរុញ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឲ្យកាន់មានរីកចម្រើនបន្ថែមទៀត ខណ:ដែលកម្ពុជាបានរក្សានូវកំណើន សេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧ភាគរយ នៅក្នុងឆ្នាំ ២០១៥ កន្លងទៅ មានបំណងជំរុញ ឧស្សាហកម្ម លើវិស័យផលិតម្ហូបអារហារ នៅក្នុងប្រទេសកម្ពុជា និងដើម្បីជំរុញការនាំចេញនៅប្រភេទទឹកដោះគោ Angor milk នៅតំបន់នៃបណ្តាប្រទេស អាស៊ាន និងទៅកាន់ពិភពលោក។

រោងចក្រទឹកគោនេះ ដែលត្រូវបានធ្វើការសម្ភោធ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវបានសាងសង់ឡើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលជាវិនិយោគរបស់ក្រុមហ៊ុន BPC Trading Co,.Ltd ៤៩ភាគរយ និងក្រុមហ៊ុន Vitnamilke របស់ប្រទេសវៀតណាម ៥១ភាគរយ ដែលមានទំហុំទឹកប្រាក់ នៃការវិនិយោគ ២៣លានដុល្លារសហរដ្ឋអាមេរិក ដែលបានសាងសង់លើផ្ទៃដីទំហុំ ៣ម៉ឺនម៉ែត្រការេ។

លោក ហ្វាត ប៊ុន អគ្គនាយកក្រុមហ៊ុន BPC Trading Co,.Ltd បានឲ្យដឹងថា រោងចក្រផលិតទឹកដោះគោ អង្គរមាល (Angkor Milk) បានចាប់ផ្តើមសាងសង់ បន្ទាប់ពីបានការអនុញ្ញាតយល់ព្រមជាផ្លូវការ ពីរដ្ឋាភិបាល នៃប្រទេសទាំងពីរ នាឨកាសវេទិការសហប្រតិបត្តិវិនិយោគកម្ពុជា -វៀតណាម នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ។

រោងចក្រនេះ បានប្រើប្រាស់ពេលវេលា ១៨ក្នុងការសាងសង់ និងបានបំពាក់នូវបរិក្ខារ នៃខ្សែរផលិតកម្មទំនើប តាមរយ:បច្ចេកវិទ្យា មកពីបណ្តាប្រទេស នៅក្នុងសហគមន៍ អឺរ៉ុប ដោយបានយកចិត្តដាក់លើសុវត្ថិភាពម្ហូបអារហារ និងការពារបរិស្ថាន។ រោងចក្រនេះ គឺមានផលិតនូវប្រភេទទឹកគោដូចជា ទឹកដោះគោស្រស់, ទឹកដោះគោខាប់, ទឹកដោះគោះជូ ដែលបានផលិតផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាផលិតផល មានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ ជាពិសេសគឺមានសាធាតុ អាហារូបត្ថម្ភ សម្រាប់សុខភាពកុមារផងដែរ។

លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីទទួលបន្ទុក ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្វាគមន៍នូវការវិនិយោគ លើវិស័យម្ហូបអាហារ ផ្នែករោងចក្រទឹកគោនេះ នៅក្នុងប្រទេសកម្ពុជា។ លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន មានប្រសាសន៍ថា វត្តមាន រោងចក្រផលិតទឹកគោ Angkor Milk នេះ គឺបានឆ្លុះបញ្ចាំងនូវ ការលូតលាស់ទៅមុខឥតឈប់ឈរ នៃពាណិជ្ជកម្ម ការវិនិយោគបរទេស វិស័យឯកជន និងវិស័យឧស្សាហកម្មនៅកម្ពុជា។

លោកស្រី ឧបនាយរដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយ:យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ លើកំណើនការងារសមធម៌ និងប្រសិទ្ធភាព បានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានបង្កលក្ខណ:ងាយស្រួល និងជំរុញវិស័យឯកជនឲ្យលូតលាស់ដើម្បីរួមចំណែកលើកអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម។

លោកស្រី បានចាត់ទុកថា វត្តមានរោងចក្រទឹកដោះគោ Angkor milk គឺបានផ្តលអត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជាការបង្កើនមូលដ្ឋានផលិត ក្នុងស្រុកឲ្យកាន់តែរឹងមាំ កាត់បន្ថយការនាំចូលទឹកគោ ពីបរទេសផ្តល់ការងារជាច្រើន ដល់បុគ្គលិកម្ពុជា និងរួមចំណែកអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចផងដែរ។ លើសពីនេះទៅទៀត គម្រោងនេះ នឹងជួយពង្រឹងចំណងសាមគ្គីភាព រវាងកម្ពុជា វៀតណាមឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរ សម្ភោធរោងចក្រទឹកគោអង្គរមាល នាថ្ងៃនេះ រោងចក្រក៏បានឧបត្ថម្ភ នូវទឹកគោ ដែលមានអាហារូបត្ថម្ភ សម្រាប់បំប៉នសុខភាពកុមា ចំនួន៥០០កេះ ដែលមានទឹកប្រាក់ស្មើរនឹង ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជួយដល់កុមារដែលកំពុងជួបការលំបាក នៅក្នុងរាជធានីភ្នំពេញផងដែរ៕

photo_2016-05-25_15-56-52 photo_2016-05-25_15-56-55 photo_2016-05-25_15-56-53 photo_2016-05-25_15-56-58 photo_2016-05-25_15-56-48 photo_2016-05-25_15-56-49

មតិយោបល់