ព័ត៌មានជាតិ

រដ្ឋាភិបាលកំពុងរៀបចំផែនការជំរុញឲ្យជនពិការមានការងារកាន់តែច្រើនថែមទៀត ក្នុងវិស័យឯកជន

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងធ្វើការវិភាគលម្អិតទៅលើការផ្តល់លក្ខណៈវិនិច្ឆ័យប្រភេទជនពិការភាពនៅកម្ពុជា ដើម្បីស្វែងរកតួលេខជនពិការឲ្យបានជាក់លាក់ សម្រាប់រៀបចំផែនការជំរុញឲ្យវិស័យឯកជន អាចទទួលយកជនពិការចូលបម្រើការងា ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលឲ្យបានយ៉ាងហោចណាស់១%។

លោក ឯម ចន្ទ័មករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន ក្នុងសិក្ខាសាលាថ្នាក់ជាតិ កាលពីថ្ងៃទី២៦ឧសភា ឆ្នាំ២០១៦នេះថា កន្លងមកនេះ វិស័យឯកជនមិនទាន់ជ្រើសរើសជនពិការឲ្យគ្រប់១%នៅឡើយទេ ដូច្នេះមន្ត្រីបច្ចេកទេសនៃក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងតែជួបជុំគ្នា ដើម្បីពិចារណាគួរតែចាប់យកក្រុមហ៊ុន ឬសហគ្រាសប៉ុន្មាន មកធ្វើជាគម្រោងក្នុងរឿងនេះ។ លោកបន្តថា នៅក្នុងគម្រោងនេះ គឺមិនអាចយកស្ថាប័នរោងចក្រ ឬធនាគារ និងភោជនីដ្ឋានរាប់ម៉ឺននោះទេ ដូច្នេះក្រុមការងារពាក់ព័ន្ធនឹងជនពិការ ត្រូវការពេលវេលាដើម្បីជជែកគ្នាថា តើគួរយកប៉ុន្មានភាគរយនៃតំណាងស្ថាប័ន ដើម្បីយកមកគុណគ្នា ហើយស្វែងរកឃើញឲ្យនូវចំនួនជនពិការឲ្យបាន១%នោះ។

កន្លងមកនេះ សង្គមស៊ីវិលបានធ្វើការរិះគន់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការជ្រើសរើសចំនួនជនពិការឲ្យចូលបម្រើការងារនៅក្នុងវិស័យឯកជន មិនទាន់គ្រប់តាមការកំណត់របស់រាជរដ្ឋាភិបាល ប៉ុន្តែករណីនេះត្រូវបានអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្រាយបញ្ជាក់ថា កាលពីឆ្នាំមុនចំនួនជនពិការមកដាក់ពាក្យសុំបម្រើការងារមានចំនួនច្រើនលើស ស្រាប់តែដល់ពេលនេះវាត្រូវថយទៅវិញ ដូច្នេះនៅពេលមានការបូកសរុបទាំង៤០ស្ថាប័នរដ្ឋ គឺលទ្ធផលពីក្រសួងនីមួយៗមានលក្ខណៈផ្សេងៗគ្នា ដោយក្រសួងមួយចំនួនបានរើសជនពិការគ្រប់គ្រាន់ មួយចំនួនទៀតនៅមិនទាន់គ្រប់ មួយចំនួនទៀតកើនលើសពីផែនការ។

ការស្វែងរកចំនួនជនពិការក្នុងលក្ខខណ្ឌជាក់លាក់មួយ គឺត្រូវបានធ្វើឡើងតាមរយៈ លក្ខណៈបច្ចេកទេសមួយគុណជាពីរ ដែលនេះមានន័យថា នៅពេលដែលក្រុមហ៊ុនមួយ បានជ្រើសរើសជនពិការជើងទាំងសងខាង គឺគេមិនរាប់ជាមនុស្សម្នាក់នោះទេ គឺគេត្រូវរាប់ បញ្ចូលជាមនុស្សពីរនាក់ ដោយត្រូវគុណជាចំនួនពីរផងដែរ ប៉ុន្តែដោយសារតែឥឡូវនេះ គណៈកម្មាធិការវាយតម្លៃប្រភេទពិការភាព នៅមិនទាន់ចាប់ផ្តើមដំណើរការ ដូច្នេះចំនួនជនពិការអាចមានលើសពីផែនការនៅតាមស្ថាប័នរដ្ឋនិងឯកជន។

ឆ្លើយតបក្នុងរឿងនេះលោក ឯម ចន្ទ័មករា មានជំជឿថា បន្ទាប់ពីគណៈកម្មការវាយតម្លៃពិការភាពបានដំណើរការបច្ចេកទេស មួយគុណនឹងពីររួចហើយ ចំនួនជនពិការចូលបម្រើការងារក្នុងវិស័យនេះ អាចនឹងមានលើសពីផែនការ៕
photo_2016-05-26_15-54-28

photo_2016-05-26_15-54-33photo_2016-05-26_15-54-36

មតិយោបល់