ព្រះសីហនុៈ កម្លាំងជំនាញផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកកម្លាំងជាច្រើននាក់ ចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធឺណេតមួយកន្លែង ឃាត់ខ្លួនបានជនជាតិខុសច្បាប់ចំនួន២នាក់ ដកហូតបានវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជាក់ស្តែងក្នុងប្រតិបត្តិការខាងលើនេះ មានការសម្របសម្រួល និងដឹកនាំផ្លូវច្បាប់ដោយលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង និងបានឃាត់ខ្លួនជនជាតិចិន២នាក់ ទី១មានឈ្មោះ Su Yi Jiang ភេទប្រុស អាយុ៣២ឆ្នាំ និងទី២ឈ្មោះ Lu Jie Bin ភេទប្រុស អាយុ២៥ឆ្នាំ។
ក្នុងនោះដែរសមត្ថកិច្ចដកហូតវត្ថុតាងចាប់យកបានរួមមាន៖ Laptop ចំនួន៣គ្រឿង ,ស៊ីមកាតទូរសព្ទចំនួន៣ ,Mouse កុំព្យូទ័រចំនួន៣ , ទូរសព្ទចំនួន១០គ្រឿង ម៉ាកIphoneចំនួន៥ ,ម៉ូឌឹម ចំនួន៣,ដុំម៉ាស៊ីនសម្រាប់ផ្ទេរលុយ ប្រើជាមួយកុំព្យូទ័រ ចំនួន២, ដុំTP link ចំនួន៣, ដុំ ZTE ចំនួន១,ដុំ Sopto មួយចំនួន ,ឆ្នាំងសាកទូរសព្ទមួយចំនួន ,វិក័យប័ត្រពន្យាសុពលភាពលិខិត ឆ្លងដែន ១សន្លឹក។
បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់