ភ្នំពេញៈ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ដោយម៉ូតូម៉ាកCBR មួយគ្រឿង ជិះឌុបគ្នា២នាក់ ក្នុងល្បឿនយ៉ាងលឿន សង្ស័យមើលមិនឃើញ ក៏ជ្រុលចង្កូតម៉ូតូ ទៅបុកពីក្រោយរថយន្តកូរ៉េមួយគ្រឿង ដែលកំពុងឈប់ស្ងៀមជាប់ផុងនៅក្បែរចិញ្ចើមផ្លូវបណ្តាលឲ្យបោកក្បាលស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខកន្លែងសាច់ក្រកអាំង ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទិន ទី អាយុ២១ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅម្តុំបែកចាន មានស្រុកកំណើត ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង និងអ្នករងរបួសធ្ងន់សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត គេបានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកCBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE-0691 តាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានទៅបុករថយន្តមួយគ្រឿងម៉ាកកូរ៉េ ដឹកស៊ីម៉ង់ត៍ ដែលកំពុងជាប់ផុង ចតនៅក្បែរចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបាក់កបែកក្បាលនិងផុងថ្ងាស់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកមិត្តភក្តិម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ គេឃើញមានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានយកទូរសព្ទក្នុងហោប៉ៅជនរងគ្រោះ តេទៅប្រាប់សាច់ញាតិមកមើល ដោយបានយំស្រែកបោកខ្លួនយ៉ាងខ្លាំង ស្ទើរតែមិនអាចទប់ស្មារតីបាន។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី៕
https://youtu.be/HACsLMNxsXc
មតិយោបល់