កណ្តាលៈ ជនសង្ស័យ ២នាក់ ត្រូវបានឃាត់ខ្លួន ខណៈកំពុងធ្វើដំណើរយកគ្រឿងញៀនទៅប្រើប្រាស់។ បន្ទាប់ពីឃាត់ខ្លួនសាកសួររួចមក នគរបាលបានអះអាងថា ជនសង្ស័យទាំងពីរ ធ្លាប់ជាប់ពន្ធនាគារពីបទប្លន់ និងពីបទលួច។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងកាលពីវេលាម៉ោង១១៖៥០នាទី យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង ប្រាប់ឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ដែលត្រូវឃាត់ខ្លួន ទី១ឈ្មោះ ឡាច ស៊ីដែន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ និងទី២ឈ្មោះ ឡាច សុខុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំងពីរ មានទីលំនៅបច្ចុប្បន្នភូមិកំពុងព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
លោកអធិការបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ កម្លាំងអន្តរាគមន៍ស្រុក បានចុះល្បាតនៅចំណុចកើតហេតុខាងលើ ហើយក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូ រួចក៏បានឃាត់ធ្វើការត្រួតពិនិត្យរកឃើញគ្រឿងញៀនចំនួន១កញ្ចប់តូច រួចក៏ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង មានម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន(ម៉ាទឹកកក) ចំនួន១កញ្ចប់តូច និងម៉ូតូ១គ្រឿង ម៉ាក ហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ខ្មៅ គ្មានស្លាកលេខ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី។
លោក សេង សុជាតិ បានបញ្ជាក់ថា ឈ្មោះ ឡាច ស៊ីដែន ធ្លាប់ជាប់ពន្ធនាគារនៅព្រៃស រយៈពេល៦ឆ្នាំ ករណីប្លន់ កាលពីឆ្នាំ២០០៤ រីឯឈ្មោះ ឡាច សុខុន ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈ១ឆ្នាំ៦ខែ ករណីលួច កាលពីឆ្នាំ២០១៤៕
មតិយោបល់