ព័ត៌មានជាតិ

យុវតីម្នាក់ខំខ្ចីម៉ូតូគេទៅរកការងារធ្វើត្រូវចោរលួចកាច់សោ.កយកទៅបាត់

ភ្នំពេញ: នារីម្នាក់បានខ្ចីម៉ូតូគេពីអ្នកជិតខាងជិះទៅរកការងារធ្វើហើយមកឈប់ចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធន:Total ហើយក៏ចូលទៅខាងក្នុងអង្គុយលេងស្រាប់តែចេញមកវិញត្រូវចោរកាច់សោ.កម៉ូតូយកទៅបាត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច ជាងនេះទៅទៀតក្រោយកើតហេតុនារីរងគ្រោះបាន ជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនោប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មីដែរ តែខាងសមត្ថកិច្ចប្រាប់ថាគេកំពុងជាប់រវល់ ចាំព្រឹកស្អែកចាំមកម្ដងទៀត នារីរងគ្រោះក៏ជិះម៉ូតូឌុបតម្រង់ មកផ្ទះវិញទាំងក្តីអស់សង្ឃឹមបំផុត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ថានីយ៍ ប្រេងឥន្ធន:Total តាមបណ្ដោយ ផ្លូវឧកញ៉ាម៉ុងឬទ្ធី កែងនិងផ្លូវ១០០៣ ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នារីរងគ្រោះមានឈ្មោះ ទៀវ រ៉ាវី អាយុ២០ឆ្នាំ មុខរបរសិស្សរៀននៅសាលាកូរ៉េស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តក្រចេះ។

តាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុនាងបានចេញពីរៀនដោយខ្ចីម៉ូតូអ្នកជិតខាងដើម្បីទៅសម្ភាសន៍ការងារក្រោយមកនាងក៏ឈប់ចូលចាក់សាំងនៅចំណុចប្រេងឥន្ធន:ខាងលើដោយចូលអង្គុយក្នុងម៉ាតហើយក៏ត្រូវចោរធ្វើសកម្មភាពកាច់សោ.កយកទៅបាត់តែម្តង។ នាងបន្តទៀតថា ម៉ូតូដែលចោរលួចទៅនោះជារបស់ លឿម លាភ មានស្រុកកំណើត ភូមិ គោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលស្នាក់នៅបន្ទប់ជិតគ្នា។ ដោយឡែកម៉ូតូដែលបាត់នោះម៉ាកហុងដាវ៉េវ សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1R-1476 ។

នារីរងគ្រោះបានបន្ថែមទៀតថា មុនពេលកើតហេតុរូបនាងត្រូវបានម្ចាស់ម៉ូតូដែលស្នាក់នៅបន្ទប់ជាប់គ្នាពឹងពាក់ឲ្យទៅជួយយកកូន គាត់នៅសាលារៀនតែនាងឆ្លើយថាជាប់រវល់ ប្រញាប់ទៅសម្ភាសន៍ការងារហើយម្ចាស់ម៉ូតូក៏ប្រាប់ថាឲ្យយកម៉ូតូគាត់ទៅអញ្ចឹង ។ ក្រោយពីជូនកូនម្ចាស់ម៉ូតូដាក់ផ្ទះហើយនាង ប្រញាប់ទៅកន្លែងសម្ភាសន៍ការងារដូចអាសយដ្ឋានខាងលើក្រោយពីរូបគេបានចូលក្នុងបន្ទប់សម្ភាសន៍ប្រមាណជា២០នាទីពេល ចេញមកវិញស្រាប់តែបាត់ម៉ូតូតែម្ដងធ្វើឲ្យ នាងស្រឡាំងកាំងនិងតក់ស្លុតជាខ្លាំងព្រោះម៉ូតូខ្ចីគេផង ។ ឃើញហេតុការណ៍បែបនោះសន្តិសុខដែលនៅចាក់សាំងជិតនោះបានប្រាប់ថាឃើញមនុស្សប្រុសម្នាក់ជិះចេញទៅបាត់ហើយ។

ក្រោយកើតហេតុនារីរងគ្រោះបាន ជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនោប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មីដែរ តែខាងសមត្ថកិច្ចប្រាប់ថាគេកំពុងជាប់រវល់ចាំព្រឹកស្អែកចាំមកម្ដងទៀត ។ នារីរងគ្រោះក៏ជិះម៉ូតូឌុបតម្រង់ មកផ្ទះវិញទាំងក្តីអស់សង្ឃឹមបំផុត៕

photo_2016-05-31_23-06-46

photo_2016-05-31_23-06-53

មតិយោបល់