ព័ត៌មានជាតិ

សុំលុយប្រពន្ធទៅផឹកស្រា រួចចុះងូតទឹក ស្រាប់តែលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម!

កណ្តាលៈ បុរសម្នាក់ដែលតែងតែផឹកស្រាជាប្រចាំ(ញៀនស្រា)បានសុំលុយប្រពន្ធចំនួន១០០០រៀលទៅហូបស្រាបន្តទៀត ក្រោយពីហូបស្រារួចមកដល់ផ្ទះវិញ ហើយទៅងូតទឹកព្រែកខាងក្រោយផ្ទះ ក៏រអិលជើងធ្លាក់លង់ទឹកស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្នុងទឹកព្រែកជ្រៃ ស្ថិតក្នុងភូមិ ព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ ស៊ាង ថន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានដដែលពីនគរបាលស្រុកកោះធំបានឲ្យដឹងថា យោងតាមការឆ្លើយបំភ្លឺ របស់ឈ្មោះ សុខ ជុំ ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានបំភ្លឺជូនសមត្ថកិច្ចថា រយៈកាលកន្លងមកជនរងគ្រោះជាប្តីរបស់គាត់ តែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ គ្មានថ្ងៃលោះឡើយ ហើយពេលផឹកម្តងៗគាត់វង្វេងស្មារតី បាត់ការចង់ចាំ (ជាមនុស្សញៀនស្រា) លុះនៅវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៧ ខ្លួនគាត់នៅផ្ទះ ពេលនោះជនរងគ្រោះជាប្តីរបស់គាត់បានសុំលុយចំនួន១០០០រៀលទៅហូបស្រាបន្តទៀត ក្រោយពីហូបស្រារួចប្តីគាត់មកដល់ផ្ទះវិញ បានប្រាប់គាត់ថា អញទៅងូតទឹក នឹងមកហូបបាយវិញ រួចប្តីរបស់គាត់បានចេញពីផ្ទះទៅងូតទឹកព្រែកខាងក្រោយផ្ទះឪពុកខ្លួន ឈ្មោះ អ៊ូច សុខ ត្រូវជាឪពុកក្មេក (ជនរងគ្រោះ) បាត់ទៅ។ មួយសន្ទុះក្រោយមក ដោយបាត់ប្តីជាជនរងគ្រោះយូរពេកពុំទាន់ឃើញត្រឡប់មកផ្ទះ ក៏ទៅរកប្តីនៅមាត់ព្រែក តែមិនឃើញ ទើបសង្ស័យថា ប្តីលង់ទឹកហើយចុះរាវក្នុងទឹក ក៏ប្រទះឃើញប្តីលង់ទឹក រួចហៅបងប្អូនឲ្យចុះជួយលើកចេញពីក្នុងទឹក ហើយធ្វើចលនា និងកំដៅភ្លើង តែពុំអាចជួយសង្គ្រោះបានទេ ព្រោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពីបានទទួលព័ត៌មាន ផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការចម្រុះ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យផ្នែកជំនាញ និងក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពជនរងគ្រោះ ឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ពាក់ព័ន្ធនឹងករណីផ្សេងឡើយ គឺពិតជាលង់ទឹកស្លាប់ប្រាកដមែន៕

មតិយោបល់