ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនម្នាក់ប៉ុនប៉ងតម្លើងឧបករណ៍ ច្រកចេញចូល ប្រព័ន្ធទូរគមនាគមន៍ នៅសណ្ឋាគារត្រានីកា!…

កណ្តាលៈ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការដឹកនាំបញ្ជារផ្ទាល់ពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល មានការសម្របសម្រួលពី លោកទិន សុចិត្រា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការឆែកឆេរ និងធ្វើការឃាត់ខ្លួន ជនជាតិចិនម្នាក់ប៉ុនប៉ងតម្លើងឧបករណ៍ ច្រកចេញចូល ប្រព័ន្ធទូរគមនាគមន៍ នៅសណ្ឋាគារត្រានីកា រួមនឹងវត្ថុតាងមួយចំនួន។

ហេតុការណ៍ចុះប្រតិបត្តិការឆែកឆេរ និងធ្វើការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុច បន្ទប់លេខ៣០៦ ជាន់ទី៣ សណ្ឋាគារត្រានីកា ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មានពីនគរបាលកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ (ឃាត់ខ្លួន) ឈ្មោះ ZHU CHULE ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មានទីលំនៅ FUJIAN ប្រទេសចិន។ កាន់លិខិតឆ្លងដែនលេខ G 51567813។

វត្ថុតាងចាប់យករួមមាន ឧបករណ៍បន្ទះស្តើង ពណ៌ខៀវ៤ ក្នុង១បន្ទះ មានអង់តែន ពណ៌ខ្មៅចំនួន៨ដើម។ ឧបករណ៍មានភ្លើង ពណ៌បៃតង ទទួលខ្សែពីបន្ទះស្តើងទាំង៨ ចំនួន១។ ឧបករណ៍ ពណ៌ស ម៉ាក King tel មានភ្លើងតូច៥គ្រាប់ ចំនួន១។ វ៉ាលីស ពណ៌ខៀវក្រម៉ៅ មានដៃអូសចំនួន១ ម៉ូតូ១គ្រឿង ម៉ាកគ្លីក ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1R-2104។

ប្រភពដដែលពីនគរបាលកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ទៀតថា តាមការបំភ្លឺ របស់មេការសណ្ឋាគារ បានបំភ្លឺថា ជនជាតិចិនខាងលើបានជិះម៉ូតូ ម៉ាកគ្លីក ពណ៌ឈាមជ្រូក មកជួលសណ្ឋាគារត្រានីកា បន្ទប់លេខ៣០៦ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ លុះដល់ម៉ោង៤និង១៧នាទី ជនសង្ស័យខាងលើ បានចាកចេញដោយមធ្យោបាយដដែល ហើយមិនបានត្រឡប់មកវិញឡើយ។

ដោយបានទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញដឹកនាំដោយលោកអធិការនគរបាលក្រុងតាខ្មៅ បានចុះធ្វើកិច្ចការស្រាវជ្រាវបន្ត តាមឃ្លាំមើលជាមួយ មេការសណ្ឋាគារត្រានីកា។ នៅវេលាម៉ោង៧ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ បានវិលត្រឡប់ចូលមកដល់សណ្ឋាគារវិញ ពេលនោះសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងឆែកឆេរបន្ទប់ ដោយចាប់យកវត្ថុតាង ឧបករណ៍ពាក់ព័ន្ធ ដោយមានការដឹកនាំ និងកិច្ចសម្របសម្រួលដោយលោក ព្រះរាជអាជារង ទិន សុចិត្រា បានការចូលរួមសហការ របស់សណ្ឋាគារត្រានីកា សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើមកកាន់អង្គភាព ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់