ភ្នំពេញៈ ក្មេងសិស្សសាលា ពិភពបញ្ញាអន្តរជាតិ ចំនួន១១នាក់ បានរងរបួសធ្វើដំណើរត្រឡប់ទៅ ផ្ទះវិញស្រាប់តែមាន រថយន្តដឹកកុងតឺន័រ១គ្រឿង របស់ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុនបើកបរស្របទិសគ្នា ទៅដល់បត់អែបខាងកាត់មុខរួចឈប់ ធ្វើឲ្យអ្នកបើកបរម៉ូតូរម៉កកង់បី១គ្រឿងនោះ ជាន់ហ្វ្រាំងឈប់ក៏មិនទាន់ គេចចេញ ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រនោះពេញទំហឹងតែម្ដង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមផ្លូវនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងសិស្សសាលាដែលរងគ្រោះទាំង១១នាក់នោះ មានម្នាក់រងរបួសធ្ងន់ធ្ងរជាងគេឈ្មោះ ផែង ចាន់វី អាយុ១១ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងឈូក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ និង១០នាក់ទៀតរបួសមធ្យម ពួកគេជិះម៉ូតូរម៉កកង់បី១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AS-5469 បើកបរដោយបុរសម្នាក់ឈ្មោះ ពុំ វុទ្ធាដារិទ្ធ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សព្វថ្ងៃស្នាក់នៅ ក្នុងភូមិត្រពាំងឈូក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។ ចំណែករថយន្តបង្កម៉ាកហ៊ីណូ ពណ៌ទឹកប្រាក់ឆ្នូត ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ3A-1672 អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេនិងត្រូវបាន ក្រុមសន្តិសុខចាប់ខ្លួនប្រគល់ឲ្យ នគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សាកសួរនិងកសាងសំណុំរឿង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូរម៉កកង់បី១គ្រឿងនោះ បានដឹកសិស្សចេញពីសាលា ពិភពបញ្ញា អន្តរជាតិ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ចូទៅក្នុងតំបន់សេដ្ឋកិច្ច ភ្នំពេញក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កបើកបរស្របគ្នាទៅដល់ បានបត់អែបខាងស្ដាំដៃកាត់មុខធ្វើឲ្យម៉ូតូរម៉កកង់បីវាក់មិនអាចជាន់ហ្វ្រាំងឈប់ទាន់ ហើយកាច់ចង្កូតឈប់ក៏មិនទាន់ ទើបបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យ ក្មេងៗអ្នកជិះម៉ូតូរម៉កកង់បីនោះ រងរបួសទាំងអស់គ្នាតែម្ដង។
ក្រោយពេលកើតហេតុ រថយន្តបានបើករត់គេចខ្លួន ប៉ុន្តែត្រូវបានក្រុមសន្តិសុខជួយឃាត់ខ្លួន បានបន្ទាប់មកបានប្រគល់ឲ្យនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/dAehx9jAHp0
មតិយោបល់