ព័ត៌មានជាតិ

តំណាងអយ្យការ បានសម្រេចចោទប្រកាន់លោក ពេជ រតនា ជាផ្លូវការហើយ និងកំពុងបន្តនីតិវិធីសើុបសួរ

ភ្នំពេញ: យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ងិន ពេជ្រ តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនត្រូវចោទឈ្មោះ ពេជ រតនា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ មេធាវី ជាផ្លូវការហើយ ដែលរួមមាន៖

– បទ ប៉ុនប៉ងប្រព្រឹត្តអំពើពុករលួយ តាមមាត្រា៤ ចំណុច១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

– បទ ពុករលួយ ដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ តាមមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

– បទ សមគំនិត តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ

– បទ សូកប៉ាន់ ចំពោះចៅក្រម តាមមាត្រា៥១៨ នៃក្រមព្រហ្មទណ្ឌ

សូមបញ្ជាក់ថា បើយោងតាមបទចោទខាងលើទាំងអស់នេះ ជនត្រូវចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាពពិតប្រាកដមែន។

បច្ចុប្បន្នជនត្រូវចោទ ត្រូវបានលោក ងិន ពេជ្រ ចេញដីកាបញ្ជូនទៅកាន់ចៅក្រមសើុបសួរលោក លី លឹបម៉េង កំពុងសាកសួរបន្ត។

គួររំឮកថា ជនត្រូវចោទឈ្មោះ ពេជ រតនា មានភរិយាឈ្មោះ សាន សាក់នី បម្រើការងារជាក្រឡាបញ្ជី នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ពាក់ព័ន្ធនឹងអំពើពុករលួយ បន្ទាប់ពីលោកមេធាវី រូបនេះបានចាកចេញពីតុលាការ សាលាដំបូងរាជធានីភ្នំពេញ សំដៅមករថយន្តទំនើបរបស់ខ្លួន ម៉ាក Lexus 470 ដែលចតទុកក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ ជនត្រូវចោទរូបនេះ ត្រូវបានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងមេធាវីទាំង ៦រូប សុទ្ធសឹងតែជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយការពារសិទ្ធិឱ្យ ដែលមានទី១ លោក សាំង វណ្ណៈ ទី២ លោក អុីវ ប៉ូលី ទី៣ លោក ជូ ចាន់ធីរ៉ា ទី៤ លោក ជា ហុងរី ទី៥ អ្នកស្រី សៅ កញ្ញា និងទី៦លោក ឈី សម្បត្តិ ផងដែរ៕

photo_2016-06-02_13-09-47

មតិយោបល់