កំពង់ឆ្នាំងៈ លោក ម៉ាត លី អធិការស្រុកកំពង់ត្រឡាច បានប្រាប់Post Newsថា រហូតមកទល់ពេលនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមចាប់ខ្លួនឃាតកដែលបានធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីម្នាក់ រួចច្រកក្នុងការ៉ុងយកមកបោះចោលក្បែរប្រឡាយទឹក ក្នុងខេត្តកំពង់ឆ្នាំង ពេលនេះចាប់បានហើយកាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៧ ម្សិលមិញនេះ ខណៈដែលជនសង្ស័យរូបនេះបានរត់គេចខ្លួនទៅសម្ងំលាក់ខ្លួននៅឯខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ប៉ាត ចន្ទវត្ថា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៨២ ផ្លូវលេខ២ ភូមិ១០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបររត់តាក់ស៊ី និងជានិពន្ធនាយក នៅមជ្ឈមណ្ឌលព័ត៌មានឆាយាអង្គរ ដោយមានស្រុកកំណើតភូមិពោធិ័ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយដកហូតបានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ស្លាកលេខ 2R-3182 PP ចំនួន១គ្រឿងផងដែរ នៅភោជនីយដ្ឋានហេងរស្មី មុនពេលទៅឃាត់ជនសង្ស័យនៅរមណីដ្ឋាន ណាតាយ៉ា ក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ក្នុងខេត្តកំពត។ ចំណែកឯជនរងគ្រោះ មានគ្រួសារនៅរាជធានីភ្នំពេញ ហើយបានមកធ្វើការនៅជាកម្មការិនីរោងចក្រ នៅស្រុកពញាឮ ខេត្តកណ្តាល។
គួររំលឹកបន្ថែមថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទីរសៀលកន្លងទៅនេះ មានករណីឃាតកម្មប្លន់យកលុយ ដ៏សាហាវមួយបានកើតឡើង ខណៈដែលមានការប្រទះឃើញសាកសពស្ត្រីម្នាក់ ឃាតកកាប់លើផ្ទៃមុខជាច្រើនកាំបិតរួចច្រកការ៉ុងយកមកថ្លុងចោលក្បែរប្រឡាយទឹកមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕
មតិយោបល់