ព័ត៌មានជាតិ

ចិន និង​រុស្ស៊ី រឹតបន្តឹង​ចំណងមិត្តភាព​លើ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ថាមពល​

ចិន៖ ​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៤ ប្រទេស​ចិន និង​រុស្ស៊ី បាន​សន្យា​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យបាន​ទូលំ​ទូលាយ​ជាង​មុន ទៅលើ​វិស័យ​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​។​នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។​

​កិច្ចសន្យា​នេះ បាន​ធ្វើឡើង​ក្រោយ​សេចក្តីថ្លែងការណ៍​រួម​គ្នា អំឡុងពេល​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន មក​ប្រទេស​ចិន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ នៃ​សន្និសីទ​អន្តរ​កម្ម និង​វិធានការ​កសាង​ទំនុកចិត្ត នៅ​អាស៊ី នៅ​ទីក្រុង សៀង​ហៃ ប្រទេស​ចិន ហើយ​ទស្សនកិច្ច​របស់​លោក ពូ​ទីន ក៏​ជា​ទស្សនកិច្ច​តប​តាម ការអញ្ជើញ​របស់​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ផងដែរ​។​

​ប្រទេស​ទាំង​ពីរ បាន​ប្តេជ្ញា​ថា​នឹង​បង្កើន ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យដល់ ១០០​ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​២០១៥ និង​២០០​ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​២០២០ ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ កាលពី​ឆ្នាំមុន គឺ​មាន​ត្រឹមតែ​ជិត ៩០​ពាន់​លាន​ដុល្លារ​អាម៉េរិក​តែប៉ុណ្ណោះ​។​

​ចិន និង​រុស្ស៊ី ក៏​បាន​ប្តេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យបាន​ស៊ីជម្រៅ​លើ​ផ្នែក​ឧស្សាហកម្ម​ប្រេង ដែល​ចាប់ផ្តើម​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ទៅឲ្យ​ចិន ក្នុង​រយៈពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើទៅបាន និង​ការអភិវឌ្ឍន៍​រួម​គ្នា​នៃ​រ៉ែ​ធ្យូងថ្ម​នៅ​រុស្ស៊ី ហើយ​ប្រទេស​ទាំង​ពីរ ក៏​នឹង​ពិចារណា​លើ​ការកសាង​រោងចក្រ​ថាមពល​រួមគ្នា នៅក្នុង​ប្រទេស​រុស្ស៊ី ដើម្បី​បង្កើន​ការផ្គត់ផ្គង់​ថាមពល​ទៅឲ្យ​ចិន​៕​
ch-rus

មតិយោបល់