ក្រចេះ: ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។
ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុច នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ទី១មានឈ្មោះ លន់ ពី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ,ទី២ឈ្មោះ ឃុត រិទ្ធ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខអ្នកកាសែតការពិត អ្នកទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅភូមិឃុំកើតហេតុ និងទី៣ឈ្មោះ ង៉ែត ពៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជើងពៀត ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងនោះដកហូតបាន ក្រាមម្សៅពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៧កញ្ចប់ (មធ្យម៤ តូច៣),រថយន្តចំនួន ១គ្រឿង ម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ១៩៩០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2A-6230, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, ទូរសព្ទចំនួន១គ្រឿង (ម៉ាក NOKIA ពណ៌ខ្មៅ ក្រហម) និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់លោក លន់ សុផាត ស្នងការនគរបាលខេត្ត និងលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៤០នាទីយប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង បានដឹកនាំសម្របសម្រួលនីតិវិធីអនុវត្តវិធានញុះញង់ឲ្យលក់គ្រឿងញៀនដោយខុសច្បាប់ ដោយផ្ទាល់ដល់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ហើយធ្វើការឆែកឆេរ និងចាប់យកវត្ថុតាង ដូចបានរៀបរាប់ខាងលើ រួចបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីផ្តុំសំណុំរឿងតាមនីតិវិធីច្បាប់៕




មតិយោបល់