ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានវាយកម្ទេចកូរ៉េខាងជើង ប្រសិនបើនៅតែបន្តគំរាមកំហែងនុយក្លេអ៊ែរ

អាមេរិកៈ ស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ កាន់តែក្ដៅគគុក ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធលើកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ មុនមួយសប្តាហ៍នៃជំនួបការទូតដ៏ធំមួយ នៅឯអង្គការសហប្រជាជាតិ ដោយបានព្រមានថា ក្រុងព្យុងយ៉ាង នឹងត្រូវបានបំផ្លាញ ប្រសិនបើប្រទេសនេះ បដិសេធមិនព្រមបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង មន្រ្តីអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ កំពុងព្យាយាមស្វែងរកមធ្យោបាយ ដើម្បីទប់ទល់នឹងកូរ៉េខាងជើង ដោយប្រធានាធិបតីអាមេរិក នឹងត្រូវថ្លែងទៅកាន់មហាសន្និបាតនៅអង្គការសហប្រជាជាតិ ស្ដីពីបញ្ហានេះនាថ្ងៃអង្គារខាងមុខ ហើយបន្ទាប់មកនៅថ្ងៃព្រហស្បតិ៍ លោកក៏នឹងថ្លែងសុន្ទរកថា ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងនៅខាងក្រៅកិច្ចប្រជុំនោះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានពិភាក្សាគ្នាតាមទូរស័ព្ទ កាលពីយប់ថ្ងៃសៅរ៍ផងដែរថា ពួកគេនឹងដាក់សម្ពាធកាន់តែខ្លាំងឡើងលើរបបរបស់លោក គីម ជុងអ៊ុន ហើយបានបញ្ជាក់ថា កូរ៉េខាងជើង កំពុងទៅរកផ្លូវនៃការដួលរលំហើយ ប្រសិនបើនៅតែបន្តទង្វើបង្កហេតុបន្ថែមទៀត៕

មតិយោបល់