ភ្នំពេញៈ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ លោក ប៊ុន ធី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការ ប្រកាសសាលក្រមផ្តន្ទាទោស ទោស ជនជាប់ចោទ៖
-ទី១ ឈ្មោះ សំ ឆវ័ន្ត ហៅ វែង ភេទប្រុស អាយុ ២១ឆ្នាំនាក់ ដាក់ពន្ធនាគារកំណត់រយៈពេល ៤ឆ្នាំ
-ទី២ ឈ្មោះ ជ្រឹង ភារ័ត្ន ហៅ ទិត្យ ភេទប្រុស (កំពុងរត់គេចខ្លួន)
-និងទី៣ ឈ្មោះ ជ្រឹង វិចិត្រ ហៅ ពៅ ភេទប្រុស (កំពុងរត់គេចខ្លួន) ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល ២ឆ្នាំ និង៦ខែ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ក្រុម៤ ភូមិដំណាក់១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ យោងតាមមាត្រា ២១៧ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
សាលក្រមនេះក៏បានបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន ជនជាប់ចោទ ឈ្មោះ ជ្រឹង ភារ័ត្ន ហៅ ទិត្យ និងឈ្មោះ ជ្រឹង វិចិត្រ ហៅ ពៅ ភេទប្រុស ដែលកំពុងរត់គេចខ្លួន មកអនុវត្តទោសក្នុងពន្ធនាគារ។
សូមបញ្ជាក់ថា កាលពីថ្ងៃបើកសវនាការសំណុំរឿងនេះ លោក តុប ឈុនឡុង ជាតំណាងអយ្យការនៃអង្គសវនាការបានចោទប្រកាន់លើ ជនជាប់ចោទទាំង ៣នាក់ ពីបទ ប៉ុនប៉ងឃាតកម្ម ដោយប្រើដាវសាំម៉ូរ៉ៃ កាប់លើជនរងគ្រោះឈ្មោះ ឆោម នឿន អាយុ ៤៤ឆ្នាំ របួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ក្រុម៤ ភូមិដំណាក់១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ យោងតាមមាត្រា ២៧ និងមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ។
ពាក់ព័ន្ធករណីនេះ យើងមិនអាចសុំការបញ្ជាក់ពីលោក តុប ឈុនឡុង ជាតំណាងអយ្យការ ថាតើលោកនឹងប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចនៃសាលក្រមនេះដែរឬទេ? ដោយសារទូរសព្ទរបស់លោក ជាប់រវល់។
នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទឈ្មោះ សំ ឆវ័ន្ត បានទទួលស្គាល់ថា ខ្លួន និងជនជាប់ចោទ២ នាក់ ដែលកំពុងរត់គេចខ្លួនពិតជាបានយកដាវ សាំម៉ូរ៉ៃ កាប់ប្រហារលើជនរងគ្រោះឈ្មោះ ឆោម នឿន ពិតប្រាកដមែន ព្រោះតែឈ្លោះគ្នា ពេលដែលជនរងគ្រោះមកជួយលើកខ្លួន និងបក្ខពួក ដួលម៉ូតូ។
គួររំលឹកថា កាលពីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ មានក្រុមក្មេងស្ទាវ២នាក់ជិះម៉ូតូម៉ាក សេ១២៥មួយគ្រឿង ពុំចាំស្លាកលេខ នៅម្តុំសេះហោះ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពេលដែលជិះជ្រែចុះឡើងបានដួលម៉ូតូ ហើយជនរងគ្រោះក៏បានជួយលើកម៉ូតូរបស់ក្រុមស្ទាវ ដោយជនរងគ្រោះបាននិយាយថា ខំជួយលើកម៉ូតូពួកវាហើយមិនបានអរគុណសូម្បីតែមួយម៉ាត់ ហើយជនសង្ស័យខាងលើក៏បោះពាក្យសម្តីថា ក្តអីអ្ហា អ្ហែងចាំមើលអញមកវិញ។
មួយសន្ទុះក្រោយមក ក្រុមស្ទាវខាងលើនោះ។មានគ្នា៣នាក់ បានត្រឡប់មកវិញដោយមានដាវសាំម៉ូរ៉ៃ២ដើម មកកាប់ចិញ្ច្រាំលើជនរងគ្រោះជាច្រើនដាវបណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។
ក្រោយទទួលពាក្យបណ្ដឹងរបស់ប្រពន្ធជនរងគ្រោះនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចខណ្ឌមានជ័យបានឃាត់ខ្លួនជនជាប់ចោទបញ្ជូនទៅតុលាការតែម្តង៕
https://youtu.be/UnY51x4VWzY
មតិយោបល់