តាកែវៈ ជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញាចោរកម្ម និងចែកចាយគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងដូនកែវ ធ្វើការចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។
ជនសង្ស័យទាំង៤នាក់ខាងលើនេះ ទី១-ឈ្មោះ ទួន ចិត្ត ភេទប្រុស មានទីលំនៅផ្សារអង្គរកា ស្ថិតក្នុងភូមិអង្គរកាឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ទី២-ឈ្មោះ សៅ ស្រុន ផាន់នីន ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ទី៣-ឈ្មោះ សៅស្រុន នីអាណាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ សង្កាត់ជាមួយគ្នា និងទី៤-ឈ្មោះ យ៉ុង សំឡូត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។
សមត្ថកិច្ចបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សៅស្រុន នីអាណាន់ និងបក្ខពួករបស់ខ្លួនឈ្មោះ សៅស្រុន ផានីន និងឈ្មោះ យ៉ុង សំឡូត បានកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីចោរកម្មរួចមក នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សៅស្រុន នីអាណាន់ បានសារភាពថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ (មិនចាំថ្ងៃ) ខ្លួនបានលួចម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពីថៅកែរបស់ខ្លួនឈ្មោះ ហេង វណ្ណា ភេទប្រុស មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប ហើយបានយកមកលាក់ទុកនិងស្នាក់នៅផ្ទះរបស់ឈ្មោះ យ៉ុង សំឡូត បានមួយយប់ លុះព្រឹកឡើងខ្លួន និងបក្ខពួកមានឈ្មោះ យ៉ុង សំឡូត និងឈ្មោះ សៅស្រុន ផានីន (ប្អូនប្រុសបង្កើតឈ្មោះ សៅស្រុន នីអាណាន់ )បានយកម៉ូតូដែលលួចបានខាងលើទៅបញ្ចាំឲ្យឈ្មោះ ទួន ចិត្ត បានប្រាក់ចំនួន៣០០ដុល្លារ ព្រមទាំងបានទិញថ្នាំញៀនពីឈ្មោះទួន ចិត្ត ចំនួន១កញ្ចប់ធំ ក្នុងតម្លៃ១៥០ដុល្លារ ។ លោកអធិការ បានបន្តថា បន្ទាប់ពីសាកសួរជនសង្ស័យទាំង៣នាក់ខាងលើរួចមក ទើបនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរនាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទួន ចិត្ត ពីបទទទួលផលចោរកម្ម និងចែកចាយគ្រឿងញៀន នៅនឹងផ្ទះជនសង្ស័យតែម្តង ព្រមទាំងបានដកហូតម៉ូតូ១គ្រឿង ដែលជារបស់ជនរងគ្រោះ ថ្នាំញៀនចំនួន២កញ្ចប់ ទូរសព្ទ១គ្រឿង និងសម្ភារសម្រាប់ប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់