ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខ «នគរបាល 2-1280» បើកបុករថយន្តតូយូតាកាមរី របួសធ្ងន់ស្រាល០៩នាក់

កណ្តាល: លោកឧត្ថមសេនីយ៍ វ៉ែន សាវឹន ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ រវាងរថយន្តកាមរីពាក់ស្លាកលេខ «នគរបាល 2-1280» បើកបុករថយន្តតូយូតាកាមរី បណ្តាលឲ្យមនុស្សប្រុសស្រី រួមនិងក្មេងចាស់រងរបួសធ្ងន់ស្រាល ៩នាក់។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣០ និង៣១ ត្រង់ចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីលោកស្នងការរង បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្ត TOYOTA CAMRY ពណ៌ស ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ នគរបាល 2-1280 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីអ្នកលឿង ទៅភ្នំពេញ លុះមកដល់កន្លែងកើតហេតុ បានបុកជា មួយរថយន្តម៉ាក TOYOTA CAMRY ពណ៌បៃតងចាស់ ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ2C-8884 ដែលមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យរងរបួសមនុស្ស ០៩ នាក់ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ មុនពេលប៉ូលិសទៅដល់។

តាមសមត្ថកិច្ច បានបន្ថែមថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺដោយសារអ្នកបើកបររថយន្តកាមរី ខ្វះការប្រុងប្រយ័ត្ន ដោយបើករំលោភលើចំណែកផ្លូវ បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាង។

បច្ចុប្បន្ន រថយន្តទាំងពីរ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំការដោះស្រាយគ្នា តាមនិតិវិធីច្បាប់នៅពេលក្រោយ៕

មតិយោបល់