ព័ត៌មានជាតិ

បើកម៉ូតូបុកអ្នកថ្មើជើងដួលបោកក្បាលនឹងថ្នល់បណ្តាលឲ្យស្លាប់ ស្រាប់តែមានរថយន្តមកកិនចំពីលើថែមទៀត!

កណ្តាលៈ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងដើរឆ្លងផ្លូវ ត្រូវម៉ូតូបើករួចហើយស្រាប់តែរថយន្តបើកមកកិនពីលើថែមទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧
នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ ២៥-២៦ ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះជាអ្នកថ្មើរជើងឈ្មោះ លូ យាំុងគីម ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់)។

បើតាមលោក ព្រំ សំអុល នាយរងផ្នែកចរាចរណ៍បានឲ្យដឹងថា ករណីនេះ បង្កឡើងដោយម៉ូតូមួយគ្រឿង ម៉ាក HONDA Dream សេ១២៥ពណ៌ខ្មៅ មិនស្គាល់ស៊េរី​ មិនស្គាល់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរទិសដៅភ្នំពេញទៅអ្នកលឿង ពេលមកដល់ចំណុចកើតហេតុក៏បានបុកជនរងគ្រោះដែលកំពុងដើរឆ្លងកាត់ថ្នល់ពីត្បូងទៅជើងបណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូបង្កបើករត់គេចខ្លួន រីឯសពជនរងគ្រោះក៏ត្រូវរថយន្តមិនចាំម៉ាកមកកិនពីលើបន្ថែមទៀត។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ លូ យាំុងគីម ជាមនុស្សចាស់វង្វេងស្មារតី ដើរមិនដឹងទិសដៅ(ដើរពេញភូមិ)
ពេលយប់ងងឹត។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះធ្វើការវាស់វែងហើយបានប្រគល់សពជូនក្រុមធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់