ស្ករ គឺជាធាតុផ្សំចាំបាច់បំផុតដែលគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារ ឬភេសជ្ជៈផ្សេងៗ ដើម្បីបង្កើនរសជាតិឲ្យឆ្ងាញ់ពិសារ ប៉ុន្តែ អ្នកមិនអាចចេះតែប្រើប្រាស់ជាតិស្ករតាមអំពើចិត្តបាននោះទេ ព្រោះវាក៏អាចផ្តល់គុណវិបត្តដល់សុខភាពផងដែរ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការទទួលទានជាតិស្ករលើសកម្រិត អាចបង្កឲ្យមានជំងឺដ៏គួរឲ្យខ្លាច ៤ ប្រភេទ។
ជំងឺមហារីក
ការសិក្សាថ្មីមួយដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Communication បានបង្ហាញថា ជាតិស្ករមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងជំងឺមហារីក។ ការទទួលទានជាតិស្ករច្រើនហួស ប្រមាណ អាចជួយរំញោចដល់កោសិកាមហារីក វិវត្តទៅរកដុំសាច់ដ៏គួរឲ្យខ្លាច។ ហេតុនេះហើយ ទើបអ្នកជំនាញបានផ្តល់ដំបូន្មាន ឲ្យមនុស្សគ្រប់រូបកាត់បន្ថយការប្រើប្រាស់ស្ករ នៅក្នុងរបបអាហារជាប្រចាំ ដើម្បីធានាសុវត្ថិភាពចំពោះសុខភាព។
ជំងឺសរសៃឈាមបេះដូង
ការសិក្សានៅក្នុងឆ្នាំ ២០១៤ បានបង្ហាញថា ការទទួលទានជាតិស្ករច្រើនពេកអាចបង្កើនហានិភ័យនៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង។ អ្នកដែលទទួលទានកាឡូរី ១៧ ទៅ ២១ភាគរយ ពីជាតិស្ករប្រឈមនឹងការស្លាប់ដោយសារតែជំងឺបេះដូង ៣៨ភាគរយ ខ្ពស់ជាងអ្នកដែលទទួលទានត្រឹមតែ ៨ភាគរយ។
ជំងឺខ្លាញ់ក្នុងថ្លើម
ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Tuft University បានរកឃើញថា អ្នកដែលទទួលទានភេសជ្ជៈដែលមានជាតិស្ករក្នុងកម្រិតច្រើនជារៀងរាល់ថ្ងៃ ប្រឈមនឹងហានិភ័យនៃជំងឺខ្លាញ់រុំថ្លើមកម្រិតខ្ពស់ ជាងការទទួលទានជាតិអាល់កុលទៅទៀត។
ជំងឺទឹកនោមផ្អែម
ការសិក្សានៅឆ្នាំ ២០១៣ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី PLOS ONE បានរកឃើញថា មនុស្សដែលប្រើប្រាស់ជាតិស្ករ ១៥០កាឡូរី (ស្មើនឹងទឹកក្រូចសូដា ១កំប៉ុង) អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី១ ដល់ទៅ ១,១ភាគរយ។ មិនតែប៉ុណ្ណោះ ហានិភ័យនេះមិនត្រូវបានកាត់បន្ថយឡើយ បើទោះបីជាអ្នកខំញ៉ាំចំណីអាហារដែលសម្បូរជាតិសរសៃដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមក៏ដោយ៕
ប្រភព៖ soha
មតិយោបល់