ព័ត៌មានជាតិ

Update៖ ឈ្លោះគ្នាជាមួយឪពុក ប្តីសងសឹកមិនបានចាក់ប្រពន្ធជំនួសរបួសធ្ងន់ តុលាការឃុំខ្លួនបណ្តោះអាសន្នហើយ!

កណ្តាល: នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អីុ សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន យុវជនដែលឈ្លោះគ្នាជាមួយឪពុកខ្លួន សងសឹកមិនបាន ចាក់ប្រពន្ធជំនួសរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស »តាមមាត្រា ២១៧ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។បទល្មើសនេះកំណត់ការផ្តន្ទាទោសពី០២ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់០៤លានរៀល ទៅ១០លានរៀល។

ជនសង្ស័យមានឈ្មោះ ប៉ុន លីហួ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី៨ មានទីលំនៅៗភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

នារីម្នាក់បានរងរបួសធ្ងន់ ខណ:ដែលជនល្មើសបានយកកាំបិតចាក់ចំថ្ពាល់ខាងស្តាំ បន្ទាប់ពីជនល្មើសខឹងប្តីរបស់ជនរងគ្រោះបានឈ្លោះជាមួយឪពុកជនល្មើសដោយសាររឿងព្រំដី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច មុខបន្ទប់ទឹក ស្ថិតនៅភូមិ ព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះនុត សុខម៉េង ហៅស្រីស ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅៗភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលបញ្ជាក់ថា នៅថ្ងែទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងកើតហេតុ ឈ្មោះ ប៉ុន លីហួ បានបាត់មាន់ឈ្មោល មួយក្បាល ក៏បានផ្លោះរបងរកមាន់នៅក្បែរផ្ទះរបស់ឈ្មោះនុត សុខម៉េង ដោយមានកាន់កាំបិតចិតបន្លែចំនួនមួយនៅដៃខាងឆ្វេង។ ពេលនោះឈ្មោះ ប៉ុន លីហួ រកមាន់ឃើញ ក៏ដើរត្រឡប់មកផ្ទះវិញ ជួបប្រទះឈ្មោះ នុត សុខម៉េង កំពុងបើកទ្វារចេញពីក្នុងបន្ទប់ទឹក(ភ្លើងអំពូលភ្លឺ) ភ្លាមនោះឈ្មោះប៉ុន លីហួ បានចាក់ឈ្មោះនុត សុខម៉េង ចំនួនមួយកាំបិត ត្រូវចំថ្ពាល់ខាងស្តាំ បណ្តាលឲ្យមានស្នាមមុតហូរឈាមយ៉ាងខ្លាំងដោយសារឈ្មោះប៉ុន លីហួ មានគំនុំនៅពេលដែលឈ្មោះប្រុស (ប្តី របស់ នុត សុខម៉េង)ឈ្លោះគ្នាជាមួយឈ្មោះនួន(ឪពុករបស់ខ្លួន)រឿងព្រំដីកន្លងមក។
ពេលធ្វើសកម្មភាពហើយឈ្មោះប៉ុន លីហួ បានផ្លោះរបងមកផ្ទះខ្លួនវិញ ដោយបានយកកាំបិត (វត្ថុតាង) យកទៅបោះចោលទៅក្នុងទឹកទន្លេបាត់ តែម្តង។

ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

មតិយោបល់