ព័ត៌មានបច្ចេកវិទ្យា

មិនចង់ឱ្យគេប្រើកម្មវិធីលើ iPhone អ្នកផ្តេសផ្តាស់ អាចលាក់វាបានតើ តាមវិធីនេះ!

តាមពិតទៅ បើលោកអ្នកចង់មិនឱ្យនរណាម្នាក់បើកប្រើកម្មវិធីលើទូរសព្ទដៃ iPhone ឬ iPad របស់ខ្លួនដោយគ្មានការអនុញ្ញាត លោកអ្នកអាចលាក់កំបាំងវាបាន តាមរយៈមុខងារ Restrictions ក្នុងប្រព័ន្ធ iOS 11 ដោយមិនចាំបាច់ត្រូវការកម្មវិធីជំនួយអ្វីឡើយ។ ពោលគឺ វាមានស្រាប់ក្នុងកម្មវិធី​ Settings តែម្តង ហើយមានអ្នកប្រើប្រាស់តិចគ្នាណាស់ដឹងរឿងនេះ។ ដូច្នេះ Post Tech សូមបង្ហាញជូនពីរបៀបធ្វើដូចខាងក្រោម៖

1- ជាដំបូង សូមចូលទៅកាន់កម្មវិធី​ Settings លើ Home Screen
2- បន្ទាប់មក ចុចលើ General -> Restrictions រួចចុចលើ Enable Restrictions ហើយវាយបញ្ចូលលេខកូដសម្ងាត់ចំនួន ៤ ខ្ទង់ (វាយចំនួន ២ ដង) ដើម្បីបើកដំណើរការមុខងារនេះ។ បញ្ជាក់ៈ ត្រូវប្រាកដថា លោកអ្នកនឹងមិនភ្លេចលេខកូដនេះ។


3- បន្ទាប់មកទៀត នៅលើផ្ទាំង Restrictions ដដែល ប្រសិនបើលោកអ្នកចង់លាក់កម្មវិធីណាមួយដែលត្រូវបានដំឡើងមកស្រាប់ចេញពីប្រអប់ សូមចុចកុង​តាក់​បិទ ឋិតនៅខាងស្តាំឈ្មោះកម្មវិធីណាមួយនោះ ដែលឋិតក្នុងផ្នែក ALLOW។

តែបើចង់លាក់កម្មវិធីដែលបានដំឡើងចេញពី App Store សូមអូសផ្ទាំងកម្មវិធីចុះមកកាន់ផ្នែក ALLOW CONTENT: រួចចុចលើ Apps ហើយជ្រើសរើសយក Don’t Allow Apps ជាការស្រេច។

បញ្ជាក់ៈ បន្ទាប់ពីចុចកុងតាក់បិទរួច រូបតាងកម្មវិធីទាំងនោះ ពុំបង្ហាញឡើងនៅលើផ្ទាំង Home Screen ឡើយ។ ដូច្នេះ គ្មាននរណាម្នាក់អាចបើកវាប្រើបានទៀតទេ៕

មតិយោបល់