លោកអ្នកប្រហែលជាមានរូបថត-វីដេអូមួយចំនួននៅក្នុងទូរសព្ទដៃ ដែលមិនចង់ឱ្យអ្នកដទៃប៉ះពាល់ ឬបើកមើលហើយមែនទេ? បើដូច្នេះមែន ឈប់បារម្ភទៀតទៅ ព្រោះឯកសារទាំងនោះ គឺអាចលាក់កំបាំងបានដោយងាយតាមរយៈកម្មវិធី Private Photo Vault ដែលអាចទាញយកបានដោយសេរីពីក្នុង App Store (សម្រាប់ iPhone ឬ iPad) ឬ Play Store (សម្រាប់ឧបករណ៍ Android)។
កម្មវិធីនេះ អនុញ្ញាតឱ្យលោកអ្នកចូលលាក់បំបាំងរូបភាព-វីដេអូណាក៏បាននៅលើទូរសព្ទដៃរបស់ខ្លួន ជាមួយការការពារដោយលេខកូដសម្ងាត់មួយ កំណត់ឡើងដោយលោកអ្នក។
ដើម្បីលាក់រូបថត-វីដេអូណាមួយ ឬច្រើន លោកអ្នកគ្រាន់តែបើកដំណើរការកម្មវិធី (លើកដំបូង) ដែលខ្លួនបានដំឡើងរួច ហើយដាក់លេខកូដសម្ងាត់ចំនួន ៤ ខ្ទង់ (វាយពីរដង)។ បន្ទាប់មក ចុចលើសញ្ញាបូក (+) ដើម្បីចូលទៅកាន់រូបថត-វីដេអូដែលផ្ទុកក្នុងកម្មវិធី Photos ឬ Photo Library និងជ្រើសរើសរូបថត-វីដេអូដែលខ្លួនចង់លាក់ ដោយចុចធីកលើរូបថត-វីដេអូនីមួយៗ (លោកអ្នកក៏អាចចុចរើសយកម្តងទាំងអស់បានផងដែរដោយចុចលើ SELECT ALL)។ បន្ទាប់មកទៀត ចុចលើ DONE -> IMPORT ជាការស្រេច។
សូមលោកអ្នកចុចត្រង់នេះ Android, iOS ដើម្បីទាញយកកម្មវិធីទៅដំឡើងប្រើលើឧបករណ៍របស់ខ្លួន៕
មតិយោបល់