ព័ត៌មានជាតិ

ចាប់ខ្លួនបុរសម្នាក់ បញ្ជូនទៅដាក់ពន្ធនាគាររឿងដីធ្លីជិត២០ម៉ឺនដុល្លារ!

កណ្ដាលៈ ទំនាស់ដីធ្លីមួយករណីដែល តាមប្រភពព័ត៌មានបញ្ជាក់ថា មានតម្លៃជិត២០ម៉ឺនដុល្លារអាមេរិក ឈានដល់ការចាប់ខ្លួនបុរសម្នាក់ បញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារភ្លាមៗ មានដើមបណ្ដឹងជាមន្ត្រីជាន់ខ្ពស់មួយរូប។

ប្រភពព័ត៌មានទម្រាំតែហ៊ានបង្ហើបឱ្យដឹងបញ្ជាក់ថា បុរសរូបនេះឈ្មោះ ឆេង ប៊ុនធឿន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានហៅចូលមកសាកសួរ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ចំពោះមុខលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមស៊ើបសួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៧២៤ អក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មានដដែល បន្តថា ក្រោយការសាកសួរ លោក ហុក វ៉ាន់ធីណា ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ឆេង ប៊ុនធឿន ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ”ធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ , ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត , លួចលក់អចលនវត្ថុអ្នកដទៃ ” តាមមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ មាត្រា២៥៣និងមាត្រា២៥៥ នៃច្បាប់ភូមិបាល ប្រព្រឹត្តនៅភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ។

ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មានសឹងតែពុំហ៊ានទម្លាយលួចបង្ហើបថា ករណីនេះមានដើមបណ្ដឹងជាមន្ត្រីជាន់ខ្ពស់មួយរូប ហើយពាក់ព័ន្ធនឹងទំនាស់ដីធ្លីដែលមានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក៕

មតិយោបល់