ព័ត៌មានជាតិ

ភ្នំពេញមានអាទិភាពមុនគេ ក្នុងការធ្វើជំរឿនស្ថិតិប្រជាពលរដ្ឋ

​ភ្នំពេញៈ មានកិច្ចការសំខាន់ៗចំនួន០៣ ដែលត្រូវអនុវត្តយុទ្ធនាការ​រៀបចំទិន្នន័យ​ប្រជាពលរដ្ឋ គឺ​ការចុះបញ្ជី​ប្រជាពលរដ្ឋ ការចុះបញ្ជី​ស្ថិតិ​ប្រជាព​រដ្ឋ និង​ ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។ ​​​​​​​​​​​​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្ម​នៃក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ក្នុងពិធីបើក​កិច្ចប្រជុំ​គណៈកម្មការ គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​នៅព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦​ នៅ​សាលា​រាជធានី​ភ្នំពេញថា យុទ្ធនាការនៅថ្ងៃនេះ វាបានស្របទៅនឹងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបំរើនូវផលប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋ។

ហើយយុទ្ធនាការនៅរាជធានីភ្នំពេញនេះ ក៏បានផ្តល់នូវបទពិសោធន៍ឆ្ពោះទៅការ បើក យុទ្ធនាការតាមបណ្តាខេត្តទូទាំងប្រទេសផងដែរ។ ​​​​​
​លោកបានបន្តថា ​ការរៀបចំទិន្នន័យ​ប្រជាពលរដ្ឋម្នាក់ៗឲ្យមានអត្តសញ្ញាណ ជាក់លាក់ច្បាស់លាស់ គឺជាការចាំបំផុត ព្រោះថា នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន គឺគេចាប់ផ្តើមរៀបចំទិន្នន័យកំណត់អត្តសញ្ញាណតាំងពីថ្ងៃចាប់កំណើត ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា គឺនៅមិនទាន់ធ្វើបែបនេះបាន ដោយសារប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាម ហើយឯកសារដើមមួយចំនួនធំបានបាត់បង់។ ដូចនេះយើងមិនអាចកំណត់ពីការជាក់លាក់ របស់ប្រជាពលរដ្ឋបានទាំងស្រុងនោះទេ។ មូលហេតុនេះហើយ បានជាប្រទេសយើងចាំ បាច់ស្រង់ទិន្និន័យនិងផ្ទៀងផ្ទាត់ឯកសារ៣សំខាន់ឲ្យរួមតែមួយ គឺការចុះបញ្ជី​ប្រជាពលរដ្ឋ ការចុះបញ្ជី​ស្ថិតិ​ប្រជាព​រដ្ឋ និង​ ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។​​​​

​លោកបន្តទៀតថា ក្នុងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺនៅប្រមាណឆ្នាំ ខាងមុខទៀត គឺប្រជាពលរដ្ឋរបស់យើងម្នាក់មានអត្តសញ្ញាណពិតប្រាកដតែមួយ គឺបានន័យថា ប្រជាពលរដ្ឋម្នាក់មាន​លេខ​កូដ​ផ្ទាល់ខ្លួន​ តាំងពី​កើតរហូតដល់​ស្លាប់ ហើយ​លេខ​កូដ​នេះ មិនអាច​យកទៅ​ប្រើសម្រាប់​មនុស្សណា​ម្នាក់​ផ្សេង​ឡើយ​។
​​​​​
​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍ថា ដោយសារ​ការរីកចម្រើន នៃ​សេដ្ឋកិច្ចជាតិ បាន​ស្រូប​ទាញយក​កម្លាំង​ពលកម្ម ពី​បណ្តា​ខេត្ត ចូលមកក្នុង​ទីក្រុង​ភ្នំពេញ​។ ដូចយើង​បានឃើញ​ស្រាប់ រោងចក្រ សហគ្រាស សេវា​អាជីវកម្ម ទេសចរណ៍ សិប្បកម្ម នៅតាម​មូលដ្ឋាន បាន​រីក​ស្គុះស្គាយ នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​កត្តា​ទាំងនេះ បាន​ស្រូបយក​កម្មករ​ជាច្រើន និង​កំពុង​រស់ក្នុង​ទីក្រុង​ភ្នំពេញ បានធ្វើ​កំណើន​ប្រជាពលរដ្ឋ និង​កំណើន​មធ្យោបាយ បាន​កើនឡើង​យ៉ាងគំហុក នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះហើយបាន​ធ្វើ​ឲ្យ​តួលេខ ប្រជាពលរដ្ឋ បាន​ឡើង​ខ្ពស់។ ហើយ​អ្វី​ដែលជា​ខ្វះខាត របស់​អាជ្ញាធរ គឺ​នៅត្រង់ថា អាជ្ញាធរ​មិនទាន់មាន ការគ្រប់គ្រង​មិនទាន់​បានល្អ ធ្វើ​ឲ្យ​ការគ្រប់គ្រង​នេះ មាន​ស្ថានភាព​ពី​ដាច់ពីគ្នា គឺ​ស្ថាន​ភាពមិន​រៀបរយ និង​ស្ថានភាព​រៀបរយ ដែល​បាន​ចុះបញ្ជី ប្រជាពលរដ្ឋ​ត្រឹមត្រូវ​។ ប្រជាពលរដ្ឋ​ដែល​កំពុងស្នាក់នៅ បណ្តោះអាសន្ន​ទាំងនោះ ថា​តើ​ត្រូវ​ធ្វើបញ្ជី​ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ជូន​ពួគគាត់​ទេ​? ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត និង​ការផ្តល់​សេវាកម្ម​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​។ ​​​​​​​​​

​លោកប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​ទៀតថា ការងារ​ស្ថិតិ​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​គ្រប់គ្រង​ប្រជាពលរដ្ឋ រួមទាំង​គ្រប់គ្រង​សេដ្ឋកិច្ច ក្នុង​គ្រួសារ​ផងដែរ ជាពិសេស​ប្រជាពលរដ្ឋ ដែល​កំពុងស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​រាជធានី​ភ្នំពេញ អាច​បោះឆ្នោត នៅ​រាជធានី​ភ្នំពេញ ដោយ​មិនចាំបាច់​វិលត្រឡប់ទៅ​ស្រុកកំណើត ដើម្បី​បោះឆ្នោត​ទៀត​នោះ៕

photo_2016-06-09_13-00-03photo_2016-06-09_13-00-04photo_2016-06-09_13-00-05photo_2016-06-09_13-00-06 (2)photo_2016-06-09_13-00-06

មតិយោបល់