ភ្នំពេញៈ បុរសជាងឈើម្នាក់ ត្រូវបានជនសង្ស័យ២នាក់ មិនដែលស្គាល់គ្នាផង ល្បួងទៅហូបបាយជុំគ្នាមួយពេល ដើម្បីរាប់អានគ្នា តែបែរជាត្រូវថ្នាំសណ្តំអស់ម៉ូតូមួយគ្រឿង ថ្នូរនិងប្រាក់២០០០០រៀល ជិះម៉ូតូឌុបមកផ្ទះវិញ។
ហេតុការណ៍នេះ បានកើតឡើងកាលម៉ោង៩ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំងលក់បាយមួយកន្លែង ត្រង់ចំណុចក្នុងផ្សារទួលសង្កែធំ ហៅ(ផ្សារសាំផាន់) ផ្លូវបេតុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះមានឈ្មោះប៊ុយឌឿន ភេទប្រុសអាយុ២៩ឆ្នាំ មានមុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួលភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិចំបី ឃុំចំបី ស្រុកអង្គជ័យ ខេត្តកំពត ។
ចំណែកម៉ូតូដែលជនស្ស័យ ដាក់ថ្នាំសណ្តំយកទៅបាត់នោះ ម៉ាកហុងដាឌ្រី សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1K.5206 រីឯជនសង្ស័យទាំង២នាក់ មិនត្រូវបានស្គាល់ឈ្មោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហ្សូមមើ មិនចាំពណ៌និងស្លាកលេខ។
តាមបុរសរងគ្រោះ បានឲ្យដឹងថា នៅព្រឹកកើតហេតុរូបគាត់ បានទៅហូបកាហ្វេនៅហាងមួយកន្លែង នៅតាមបណ្តោយលេខ៥៩៨ ក្បែរកន្លែងលក់ផ្កា និងកូនឈើក្នុងភូមិទួលថ្ងាន់សង្កាត់ ទួលសង្កែទី២ខណ្ឌឫស្សីកែវហើយក៏មានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហ្សូមមើមួយគ្រឿង មកអង្គុយរួមតុជាមួយគាត់ រួចហើយពួកគេទាំង២នាក់ បានសួរគាត់និងនិយាយលេងពីនេះពីនោះ ធ្វើដូចជាស្គាល់គ្នាតាំងពីពេលណាចឹង។
ជនរងគ្រោះ បានបន្តឲ្យដឹងថា បន្ទាប់ពីហូបកាហ្វេរួចពួកគេទាំង២នាក់ បានបបួលគាត់ថា ទៅហូបបាយមួយពេលជុំគ្នា ដើម្បីរាប់គ្នាថ្ងៃក្រោយ ខណៈនោះរូបគាត់បានយល់ព្រម ទៅហូបជាមួយនៅទីតាំងលក់បាយមួយកន្លែង នៅក្នុងផ្សារទួលសង្កែធំ ក្រោយពីហូបបាយរួចក្នុងខ្លួនគាត់មានសភាពងងុយដេក និងវង្វេងស្មាតី រីឯបក្សពួកជនសង្ស័យម្នាក់ បានយកសោរម៉ូតូពីរូបគាត់ ហើយកាច់សោរបញ្ឆេះឌុបគាត់យកទៅទម្លាក់ចោល នៅម្តុំឃ្លាំងលក់ម៉ូតូផ្សារឃ្លាំរំសេវ ដោយដាក់ប្រាក់២០០០០រៀល ក្នុងហោប៉ៅអាវរបស់គាត់ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។
ក្រោយកើតហេតុរូបគាត់ បានហៅម៉ូតូឌុបរូបគាត់ ត្រឡប់មកផ្ទះជួលវិញ ដោយសារតែសុខភាពមិនទាន់ធូស្បើយ មិនបានមកដាក់បណ្តឹងភ្លាមៗនោះទេ លុះព្រឹកថ្ងៃទី២៥ ខែធ្នូ ទើបមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលទួលសង្កែ១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕
មតិយោបល់