នេះគឺជាដំណឹងល្អមួយសម្រាប់លោកអ្នកដែលថវិការបស់ខ្លួននៅមានកម្រិត ឬមិនចង់ចំណាយលុយច្រើនទៅលើទូរសព្ទថ្លៃៗ តែចង់បានម៉ូឌែលដែលមានសមត្ថភាពខ្ពស់។ ព្រោះក្រុមហ៊ុនផលិតបន្ទះឈីបលេខមួយលើលោក Qualcomm ត្រូវគេអះអាងថា កំពុងធ្វើការលើបន្ទះឈីបអង្គប្រតិបត្តិការជំនាន់ថ្មីដ៏មានថាមពលមួយឈ្មោះ Snapdragon 670 សម្រាប់បំពាក់លើស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលក្នុងឆ្នាំ ២០១៨។
យោងតាមប្រភពពី Phone Arena បន្ទះឈីប Qualcomm Snapdragon 670 នឹងចេញមកជំនួស Snapdragon 660 ដែលកំពុងត្រូវបានជ្រើសរើសបំពាក់ឱ្យស្មាតហ្វូនដ៏មានប្រជាប្រិយភាពជាច្រើននៅក្នុងតំបន់អាស៊ី ដូចជា Oppo R11 និង R11s។
បន្ថែមពីលើនេះ បើតាមប្រភពពី Roland Quandt បន្ទះឈីបក្រោយនោះ នឹងអាចគាំទ្រជាមួយទូរសព្ទដែលប្រើអេក្រង់គុណភាពកម្រិត 2K ឬ Quad HD និងកាមេរ៉ាភ្លោះទំហំដល់ ២២.៦+១៣ មេហ្គាភិចសែល ព្រមជាមួយ RAM ទំហំ ៦ ជីហ្គាបៃយ៍ អង្គផ្ទុកទិន្នន័យទំហំ ៦៤ ជីហ្គាបៃយ៍។ មិនតែប៉ុណ្ណោះ វាអាចនឹងរចនាចំនួន Core ដល់ ១០ គ្រាប់ ឬហៅថា Hexa-core លើសពីជំនាន់ 660 បច្ចុប្បន្ន ដែលមាន Core ចំនួន ៨។
គួរបញ្ជាក់ថា ស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលសព្វថ្ងៃ ត្រូវបានគេចាត់ចូលក្នុងចន្លោះតម្លៃពីប្រមាណ ២០០ ទៅ ៤០០ ឬ ៥០០ ដុល្លារអាមេរិក។
ទាក់ទងនឹងដំណឹងនេះដែរ មែនទែនទៅសព្វថ្ងៃ ក៏មានដែរស្មាតហ្វូនលំដាប់ថ្នាក់កណ្តាល ឬមានតម្លៃមធ្យមដែលបំពាក់អេក្រង់ 2K ជាអាទិ៍ Huawei nova 2i ជាដើម ប៉ុន្តែ វាមិនមែនប្រើអង្គប្រតិបត្តិការរបស់ក្រុមហ៊ុន Quadcomm នោះទេ។ ពោលគឺ វាបំពាក់ CPU ឈ្មោះ Kirin ដែលរចនាឡើងដោយក្រុមហ៊ុន Huawei ផ្ទាល់។
ដូច្នេះ យើងអាចសន្និដ្ឋានបានថា ការអភិវឌ្ឍសមត្ថភាពអង្គប្រតិបត្តិឱ្យកាន់តែខ្លាំង សម្រាប់ស្មាតហ្វូនតម្លៃកាន់តែទាប អាចជាយុទ្ធសាស្រ្តមួយរបស់ Qualcomm ក្នុងការក្តោបក្តាប់ទីផ្សារបន្ទះឈីបឱ្យកាន់តែធំ៕
មតិយោបល់