ព័ត៌មានជាតិ

កាមរី១គ្រឿង ត្រូវចោរលួចបាត់ខណៈទុកចោលពេលយប់ នៅបន្ទាយមានជ័យ!

បន្ទាយមានជ័យ: រថយន្តកាមរីចង្កូតស្តាំមួយគ្រឿង ត្រូវបានម្ចាស់អះអាងថា ចោរបានលួចយកទៅបាត់កាលពីរំលងអាធ្រាត្រយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ គ្រាដែលទុកចោលមុខផ្ទះ។ ករណីបាត់រថយន្តនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

យោងតាមការរៀបរាប់របស់ម្ចាស់រថយន្តឈ្មោះ ញាន កែវ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យថា នៅយប់កើត ហេតុឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខ្លួនបានចតរថយន្តមួយគ្រឿងដែលបានខ្ចីពីបងប្អូនមកប្រើ ម៉ាកកាមរី ចង្កូតស្តាំ ផលិតឆ្នាំ១៩៩៣ ពណ៌ប៉ៃតងចាស់ នៅមុខហាងលក់សំលៀកបំពាក់របស់ខ្លួន ហើយក៏ចូលទៅសម្រាកក្នុងហាង។ លុះព្រឹកឡើងស្រាប់តែបាត់រថយន្តពីកន្លែងចតែម្តង។ ក្រោយពីឆែកកាមេរ៉ាសុវត្ថិភាព អ្នកជិតខាង ទើបដឹងថា រថយន្តត្រូវបានចោរលួចនៅម៉ោង ១២និង៥៣ នាទីយប់ តែកាមេរ៉ាមិនបានបង្ហាញមុខចោរនោះទេ ព្រោះកាមេរ៉ាចាប់រូបចោរមិនបានព្រោះកាមេរ៉ាចាប់បានតែខាងឆ្វេងនៃរថយន្ត ប៉ុណ្ណោះ។

លោក ខែម សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា វាជាលើកទី១ហើយដែលខេត្តបន្ទាយមានជ័យមានករណីបាត់រថយន្តនេះ។លោកបន្តថា សមត្ថកិច្ចនគរបាលក្រោមបទបញ្ជាររបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងតែដុតដៃដុតជើងស្រាវជ្រាវស៊ើបអង្កតលើករណីនេះហើយ ស្របពេលដែលពីមុនមិនធ្លាប់មានសោះ៕

មតិយោបល់