ព័ត៌មានជាតិ

ពិធីដាំកូនឈើ នៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ

ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីរួម និងអ្នកស្ម័គ្រចិត្តមកពីប្រទេសជប៉ុនជាង៣០០នាក់ កាល​ពីថ្ងៃទី១១មិថុនា​ បានចូលរួមក្នុងពិធីដាំកូនឈើ នៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌល សង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ នៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្ដតាកែវ ប្រមាណជា៧០០០ដើម ។

ក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ សុខ អាន បានវាយតម្លៃខ្ពស់ចំពោះមូលនិធិបរិស្ថាន អ៊ីអន(AEON Evironmental Foundation) ដែលបានផ្ដួចផ្ដើមគំនិតដាំកូនឈើ នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅនេះ បន្ថែមលើការដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ កាលពីឆ្នាំ២០០២កន្លងទៅ។

លោកបណ្ឌិតបានចាត់ទុកព្រឹត្តិការណ៍នាថ្ងៃនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពជាដៃគូដ៏ល្អរវាងរដ្ឋ និងវិស័យឯកជនក្នុងការថែរក្សា និងលើកកម្ពស់បរិស្ថានធម្មជាតិ ដែលជាលក្ខខណ្ឌដ៏ចំបាច់សម្រាប់អត្ថិភាពរបស់មនុស្ស សត្វទាំងឡាយ។

ជាការពិត ក្រៅពីបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងផ្ដល់ការងារជូនប្រជាជនកម្ពុជា តាមរយៈការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងទំនើបនៅរាជធានីភ្នំពេញ ក្រុមហ៊ុន អ៊ីអន តែងតែបានចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗជាច្រើនទៀត ដូចជា ជួយដល់វិស័យអប់រំតាមរយៈការកសាងអគារសិក្សា និងកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ដល់សិស្សវិទ្យាល័យពីកម្ពុជាទៅជប៉ុន ពីជប៉ុនមកកម្ពុជា និងជួយដល់វិស័យបេតិកភណ្ឌវប្បធម៌ តាមរយៈការសាងសង់សារៈមន្ទីរព្រះស៊ីហនុអង្គរនៅខេត្តសៀមរាប ជាដើម។

លោកបណ្ឌិតសភាចារ្យបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងការងារគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដោយកៀរគរការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ តាមរយៈធ្វើការកែសម្រួលមុខងារ និងភារកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងពង្រីកតំបន់ការពារ និងអភិរក្សព្រៃឈើ សំដៅសម្រេចបាននូវការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។

នៅសកលលោកបាននិងកំពុងទទួលរងផលប៉ះពាល់អវិជ្ជមាន ពីការប្រែប្រួលអាកាសធាតុ បង្កឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ ការរីករាលដាលនៃជំងឺឆ្លង និងសត្វល្អិតចង្រៃ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព និងការរស់នៅរបស់មនុស្សជាតិទូទៅ។ ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ ព្រៃឈើគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ដោយហេតុថា ព្រៃឈើមិនត្រឹមតែមានតម្លៃសេដ្ឋកិច្ច និងសង្គមកិច្ចដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឱ្យមានលំនឹងបរិស្ថាន ធ្វើឱ្យធាតុអាកាសមានភាពល្អប្រសើររក្សាបាននូវនិយ័តភាពប្រភពទឹក ការពារទីជម្រាល និងផ្ដល់ជម្រកសម្រាប់ជីវៈចម្រុះនានា។

លោកបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់មូលនិធិបរិស្ថាន អ៊ីអន និងអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្ដជួយឧបត្ថម្ភគាំទ្រ ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដល់វិស័យព្រៃឈើកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវតែសហការថែទាំកូនឈើទាំងនេះឱ្យបានល្អ និងបន្តបំផុសការដាំកូនជាបន្តទៀត៕

មតិយោបល់