ភ្នំពេញៈ ទូហ្គេមប្រភេទបាញ់ត្រីសរុបប្រមាណ២១គ្រឿង មិនដំណើរការ៨គ្រឿង ក្នុងនោះមានទូហ្គេមពង់បៀ១០គ្រឿង និងមិនដំណើរការ៤គ្រឿងផងដែរ ត្រូវបានអជ្ញាធរខណ្ឌឫស្សីកែវ រៀបចំវាយកម្ទេចដុតបំផ្លាញចោលទាំងស្រុង ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងប្រតិបត្តិការបង្ក្រាបបាននាពេលកន្លងមកចំនួន៣លើក ក្នុង១៦ទីតាំងផ្សេងៗគ្នា ក្នុងមូលដ្ឋាន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពលើគោលនយោបាយភូមិ សង្កាត់មានសុវត្ថភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងការវាយកម្ទេចដុតទូហ្គេមចំនួន២១គ្រឿងខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងលិចវិទ្យាល័យជាស៊ីមចំរើនរដ្ឋ ក្នុងក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់អជ្ញាធរពាក់ព័ន្ធជាច្រើនរូបចំណុះជំនាញខណ្ឌ លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យឫស្សីកែវយ៉ាងច្រើនកុះករ។
លោកអភិបាលខណ្ឌ ជា ពិសី បានថ្លែងថា លោកសូមប្ដេជ្ញាចិត្តបង្ក្រាបឲ្យអស់នូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ជាពិសេសសូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការនិងមានវិធានការបន្តតាមដានឃ្លំមើលតទៅទៀត បើក្នុងករណីឃើញមានទីតាំងកំពុងប្រព្រឹត្តអំពីល្បែងស៊ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពថ្មី ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើរ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងល្បែងស៊ីសងទាំងនោះ៕
https://youtu.be/naZM84WiRoc
មតិយោបល់