ព័ត៌មានជាតិ

ដាក់ម៉ាប៉ុយ ដល់កម្រិត! វង្វេងកម្មឋាន មិនចេះបើករថយន្ត ក៏លួចដែរ មានអីខ្នោះ!

បន្ទាយមានជ័យ: លោកអធិការក្រុងប៉ាយប៉ែត បានឲ្យដឹងថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពប៉ុនប៉ងលួចរថយន្តម៉ាកធុនត្រា មួយគ្រឿងតែមិនសម្រេច ត្រូវម្ចាស់រថយន្តប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន លុះដល់មកសាកសួរទើបដឹងថា ជនសង្ស័យរូបនេះមិនចេះបើករថយន្តនោះទេ តែដោយសារតែខ្លួនប្រើប្រាស់សារធាតុញៀន ទើបបែកគំនិត ហ៊ានធ្វើបែបនេះ​។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលារៀនចិន ក្នុងភូមិគីឡូមែតលេខ៤ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យខាងលើនេះ មានឈ្មោះសុ វណ្ណថា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាលសង្កាត់ ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពយកសោម៉ូតូទៅចាក់លើទ្វារថយន្តម៉ាកធុនត្រា ស៊រី២០០៨ ពណ៌ស នៅពេលធ្វើសកម្មភាពម្ចាស់រថយន្តភ្ញាក់ទាន់ ហើយមានការប្រកែកគ្នារវាងម្ចាស់រថយន្តនឹងជនសង្ស័យ យ៉ាងយូរ។ ក្រោយមក ម្ចាស់រថយន្តឈ្មោះ ទុយ មាឃ អាយុ៤០ឆ្នាំ បានរាយការណ៍ជូនសមត្ថកិច្ច។ ក្រោយពីទទួលព័ត៌មាននេះរួចមក កម្លាំងវេនប្រចាំបញ្ជារ បានឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋានដើម្បីសួរនាំតែម្តង។

ក្រោយការសាកសួររួចមក ទើបដឹងថា ជនសង្ស័យខាងលើនេះមិនចេះបើករថយន្តនោះទេ ប៉ុន្តែដោយសារតែជនសង្ស័យរូបនេះប្រើប្រាស់នូវសារធាតុញៀន ទើបបែកគំនិតឃើញរថយន្តគេចតស្ងៀម ក៏ធ្វើសកម្មភាពប៉ុនប៉ងលួចរថយន្តរបស់គេ តែម្តង ទាំងដែលខ្លួនមិនចេះបើក និងបានធ្វើតេស្តរកឃើញមានផ្ទុករកសារធាតុញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់