ភ្នំពេញៈ ជារឿងគួរឲ្យហួសចិត្តបំផុតដែល ជនជាប់ចោទជនជាតិចិនម្នាក់ដែលធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់គុក ៧ឆ្នាំ រួចហើយ បែរជាត្រូវ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសលើកលែងបទចោទ និងតម្រូវឲ្យដោះលែងជនជាប់ចោទឲ្យមានសេរីភាព វិញក្រោយពីជនជាប់ចោទបានប្តឹងជំទាស់ នឹងសាលក្រមចាស់ និងមានការស្នើសុំឲ្យលើកលែង របស់តំណាងអយ្យការ ពាក់ព័ន្ធករណី នាំនិស្សិតខ្មែរ រាប់សិននាក់ទៅលក់ឲ្យធ្វើកម្មកររបស់រោងកាត់ដេរនៅប្រទេសចិន។
ដោយសារតែជនជាប់ចោទជាជនជាតិចិនមានឈ្មោះ Liu Wing Hing ភេទប្រុស អាយុ៤២ឆ្នាំ បានប្តឹងជំទាស់នឹងសាលក្រម ដែលផ្តន្ទាទោសរូបគេ ដាក់ពន្ធនាគារ ៧ឆ្នាំនោះ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការ ជំនុំជម្រះជាសាធារណៈ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ និងបានពន្យាពេលប្រកាសកាសសាលក្រមម្តងរួចមកហើយ ចុងក្រោយលោកស្រី ចៅក្រមបាន សម្រេចលើកលែងបទចោទប្រកាន់លើជនជាប់ចោទតែម្តង។
សូមបញ្ជាក់ថា លោក រៀល សុភិន ជាតំណាង អយ្យការបានចោទប្រកាន់លើឈ្មោះ Liu Wing Hing ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ពីបទ នាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ប្រព្រឹត្តអំឡុងចុងឆ្នាំ២០១៥ យោងតាមមាត្រា ១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រោយពីសាកសួរដេញដោលចប់សព្វគ្រប់ លោក រៀល សុភិន ជាតំណាងអយ្យការ ដែលជាចោទប្រកាន់លើជនជាប់ចោទផ្ទាល់ បែរជាស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់លើជនជាប់ចោទជាជនជាតិឈ្មោះ Liu Wing Hing ទៅវិញ ទីបំផុត តុលាការ ជូនតាមសំណើរ។
នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនោះលោក អ៉ិន ស៊ីម៉ាណាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជានាយកវិទ្យាស្ថាន បណ្តុះ បណ្តាល គណនេយ្យ វិជ្ជាជីវៈ (IPAT) (ធ្លាប់បានតុលាការផ្តន្ទាទោស ដាក់គុក ៧ឆ្នាំ ជាមួយជនជាប់ចោទឈ្មោះ Liu Wing Hing) បានឆ្លើយក្នុងនាមជាសាក្សីនៃ សំណុំរឿងប្តឹងទាស់ សាលាក្រមនេះរបស់ជនជាប់ចោទឈ្មោះ Liu Wing Hing ថា ខ្លួនពិតជាបាន ផ្សព្វផ្សាយជ្រើសរើសនិស្សិត ឲ្យទៅរៀននៅសាកលវិទ្យាល័យ ច្នៃម៉ូតសម្លៀកបំពាក់ ផ្នែកច្នៃម៉ូតសម្លៀកបំពាក់ ក្នុងប្រទេសចិន ដោយតម្រូវឲ្យនិស្សិត បង់លុយពី ២,៥០០ដុល្លារ ទៅ៤,៥០០ដុល្លារ។
លោកបានសន្យាជាមួយនិស្សិតថា នៅពេលទៅដល់ប្រទេសចិន និស្សិតអាច មានការងារធ្វើក្រៅម៉ោង បានប្រាក់ខែចន្លោះពី ៥០០ ទៅ៦០០ដុល្លារ ខ្លួនមិនបាន បោកប្រាស់និស្សិតយកទៅលក់ឲ្យធ្វើជាកម្មករ នៅរោងចក្រក្នុងប្រទេសចិនឡើយ។
លោកបញ្ជាក់ថា ជនជាប់ចោទឈ្មោះ Liu Wing Hing ជាអ្នកយកលុយសេវា រត់ការនាំនិស្សិតទៅរៀននៅប្រទេសចិន និងជាអ្នករត់ការឯកសារ សម្របសម្រួល ទំនាក់ទំនង ជាមួយសាលានៅប្រទេសចិនទាំងអស់ ពោលគឺ ការនាំនិស្សិតចេញទៅប្រទេសចិន និងរៀបចំទទួលនិស្សិតនៅប្រទេសចិន ជាតួនាទីរបស់ ជនជាប់ចោទឈ្មោះ Liu Wing Hing ទាំងអស់។
ចំណែកជនជាប់ចោទឈ្មោះ Liu Wing Hing បានបដិសេធថា ខ្លួនមិនបានដឹងរឿងអ្វីទេ គឺគ្រាន់តែយកលុយពីលោក អ៉ិន ស៊ីម៉ាណាន់ ដើម្បីជួយរត់ការឯកសារ និងនាំនិស្សិត ទាំងអស់ទៅប្រទេសចិនតែប៉ុណ្ណោះ ។
ជនរងគ្រោះដែលបានចូលរួមក្នុងសវនាការបាន អះអាងថា មាននិស្សិតចំនួន ២២នាក់ ដែលត្រូវចាញ់បោក ជនជាប់ចោទទាំង២នាក់ខាងលើ អស់ប្រាក់ពីចន្លោះ ២,៥០០ដុល្លារ ទៅ៤,៥០០ដុល្លារក្នុងម្នាក់ៗ។
មិនដូចអ្វីដែលបានសន្យា ជនជាប់ចោទបាន បញ្ជូនពួកគេ ទៅធ្វើជាកម្មកររោងចក្រកាត់ដេរ ដោយធ្វើការពី៨ ទៅ១០ម៉ោងក្នុង១ថ្ងៃ ដោយគ្មានពេលសម្រាក និងទទួលបានប្រាក់ខែតែ ១០០ ទៅ១២០ដុល្លារតែប៉ុណ្ណោះ មិនដូចជាអ្វីដែលជនជាប់ចោទបានសន្យានោះទេ។
ក្រោយពីពួកគេដឹងខ្លួនថា ត្រូវចាញ់បោកគេ ជនជាតិចិនបាន ដកហូតលិខិតឆ្លងដែនរបស់បពួកគេទុក និងបង្ខាំងពួកគេឲ្យធ្វើការ គ្មានពេលសម្រាក។ ក្រោយមកដោយទ្រាំមិនបាន ពួកគេក៏បាននាំគ្នារត់ទៅរកស្ថានទូតខ្មែរឲ្យជួយអន្តរាគមន៍ និងបញ្ជូនមកប្រទេសកម្ពុជាវិញ។
គួររំលឹកថា ជនជាប់ចោទ ទាំង២នាក់ខាងលើ ធ្លាប់ត្រូវបាន តុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល ៧ឆ្នាំ កាលពីអំឡុងចុងខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែ ជនជាប់ចោទឈ្មោះ Liu Wing Hing ជាជនជាតិចិនបាន ប្តឹងទាស់នឹងសាលក្រម៕
https://youtu.be/fEz5–MWIWo
មតិយោបល់