ភ្នំពេញៈ យុវជន២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនអកហ្សើរថយន្តបត់ស្តាំ បុកពីក្រោយបណ្តាលឲ្យដួលរងរបួសទាំង២នាក់ បាក់ជើងឆ្វេងស្តាំ ម៉ូតូបាក់មួយកំណាត់រថយន្តបែកស្តុបស្តាំផ្នែកខាងក្រោយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវភ្លោះមុខគ្រែនភ្នំពេញ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DF 1305 ជិះឌុបគ្នាដោយយុវជន២នាក់ ទី១ឈ្មោះ ធី ម៉ូថេ ភេទប្រុស អាយុ១៨ទៅ១៩ឆ្នាំ មុខរបរសិស្សវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ(អ្នកជិះពីក្រោយបាក់ជើងស្តាំនិងរបួសមុខយ៉ាងដំណំ)
ទី២ឈ្មោះ សំ អឿនវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ ជានិស្សិតផ្នែកគីមីចំណីអាហារឆ្នាំទី១ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ(អ្នកឌុបបាក់ជើងឆ្វេង)។
ចំណែករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q 0192បើកដោយឈ្មោះ គឹម សំអឿន ភេទប្រុស អាយុ៤២ មុខរបរបើកឡានស្នាក់នៅផ្ទះលេខ៣១៩ ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
ប្រភពព័ត៌មានពីបុរសម្នាក់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈរម៉កគាត់បែកកង់នៅលើផ្លូវភ្លោះខាងត្បូងកន្លែងកើតហេតុ ស្រាប់តែលាន់ប្រាវគាត់មើលទៅឃើញម៉ូតូដួលបាត់ទៅហើយដោយមិនដឹងថារថយន្តឬម៉ូតូបើកមុខនោះទេ គាត់គ្រាន់តែដឹងថារថយន្តនិងម៉ូតូបើកស្របគ្នាពីកើតទៅលិចប៉ុណ្ណោះ។
ចំណែកអ្នកបើករថយន្តខាងលើបានឲ្យដឹងថាខណៈរូបគាត់កំពុងបើកបរមានគ្នាគាត់ម្នាក់រាកនោមគាត់ក៏បានស៊ីញ៉ូអែបស្តាំ ដើម្បីឈប់ឲ្យគ្នាគាត់នោមតែមិនទាន់បានឈប់ផង ស្រាប់តែលឺសូប្រាវនៅក្រោយរថយន្តរបស់គាត់ម៉ូតូបានដួលបាត់ទៅហើយ។
នៅកន្លែងកើតហេតុដោយសាជាកន្លែងឆ្ងាយពីផ្ទះប្រជាពលរដ្ឋមិនអាចស្វែងរកសាក្សីដែលឃើញហេតុការច្បាស់ជាងនេះទេ។
សមត្ថកិច្ចឲ្យដឹងថា ក្រោយពីកើតហតុរថយន្តខាងលើបានគេចចេញពីកន្លែងកើតហេតុរហូតដល់បុរីវិមានភ្នំពេញ ហើយត្រូវបានសន្តិសុខនៅទីនោះរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគររាជធានីភ្នំពេញ រង់ចាំភាគីឬដំណាងភាគីទាំងសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ៕
https://youtu.be/72RgE4RL54M
មតិយោបល់