(រាជធានីភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះថា មជ្ឈមណ្ឌលអន្តរជាតិ សម្រាប់អ្នកសារព័ត៌មាន ដោយបានទទួលថវិកា និងការគាំទ្រពីស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ ចង់បានអ្នកសារព័ត៌មានកម្ពុជា មកចូលរួមក្នុងកម្មវិធី បណ្តុះបណ្តាលមួយ ស្តីពីការយកព័ត៌មាន នៅក្នុងការបោះឆ្នោត។
ក្នុងសេចក្តីប្រកាសខាងលើ បន្តថា កម្មវិធីបណ្តុះបណ្តាលនេះ ផ្តល់ការបង្រៀនតាមអ៊ិនធ័រណែត រយៈពេល ៦សប្តាហ៍ សម្រាប់អ្នកយកព័ត៌មាន ទាក់ទងនឹងនយោបាយ ចំនួនប្រហែល ២៥នាក់ ដែលមកពីស្ថាប័នសារព័ត៌មានវិទ្យុ ទូរទស្សន៍ កាសែត និងព័ត៌មាន តាមអ៊ិនធ័រណែត។ អ្នកសារព័ត៌មានចំនួន ១៥រូប ដែលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវបានជ្រើសរើសឲ្យធ្វើទស្សនកិច្ចសិក្សា នៅសហរដ្ឋអាមេរិក នៅខែតុលា ដើម្បីសង្កេតមើលដំណើរការនៃយុទ្ធនាការបោះឆ្នោត នៅសហរដ្ឋអាមេរិក។ កម្មវិធីនេះ នឹងដំណើរការជាភាសាខ្មែរ។
កម្មវិធីនៃមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់អ្នកសារព័ត៌មាន ផ្តោតលើមូលដ្ឋានគ្រឹះ នៃការយកព័ត៌មានពីការបោះឆ្នោត តាមរយៈការបោះឆ្នោត នៅពេលខាងមុខ នៅសហរដ្ឋអាមេរិក។ វគ្គរៀនសូត្រនេះ មានមេរៀនស្តីពីបទដ្ឋានអាជីព សម្រាប់អ្នកសារព័ត៌មាន ហើយមានការពន្យល់ណែនាំ ពីប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធអេឡិចត្រូនិច និងវិធីយកព័ត៌មាន តាមប្រព័ន្ធឌីយីថល ដើម្បីយកព័ត៌មានឱ្យកាន់តែមានភាពប្រសើរឡើង ហើយធ្វើឱ្យទស្សនិកជន កាន់តែចង់តាមដាន។ អ្នកសារព័ត៌មាន ដែលចូលរួមក្នុងទស្សនកិច្ចសិក្សា នឹងទទួលបានការណែនាំច្រើន ម្នាក់ទល់នឹងម្នាក់ និងតាមអ៊ិនធ័រណែត។
លោក Jay Raman មន្រ្តីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក បានមានប្រសាសន៍ថា៖ “យើងមានការរំភើបណាស់ ដែលអ្នកសារព័ត៌មានកម្ពុជា នឹងមានឱកាសនេះ ដើម្បីបង្កើនជំនាញយកព័ត៌មាន សង្កេត និងរាយការណ៍ពីការបោះឆ្នោត ជាប្រវត្តិសាស្រ្ត នៅសហរដ្ឋអាមេរិក”៕
មតិយោបល់