ព័ត៌មានជាតិ

មានវីដេអូ៖ តុលាការសម្រេចឃុំខ្លួន មនុស្ស៦នាក់ ​ពាក់ព័ន្ធ ការបាញ់សម្លាប់មន្ត្រី៣នាក់នៅខេត្តមណ្ឌលគិរី​!

មណ្ឌលគិរីៈ ក្រោយពីចាប់ខ្លួនបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក យ៉ា ណារិន
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ចំនួន ៦នាក់ ដែលពាក់ព័ន្ធ សំណុំរឿង បាញ់សម្លាប់មន្ត្រីការពារព្រៃឈើនៅខេត្តមណ្ឌលគិរី ជាបណ្តោះអាសន្ននៅពន្ធនាគារ រង់ចាំបន្តនីតិវិធីនាពេលក្រោយ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់លោក ចៅក្រម យ៉ា ណារិន បានសម្រេចចោទប្រកាន់ជនជាប់ចោទ៖

-ទី១ ឈ្មោះ ផល​ ពេញ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ នគរបាល ជាមេប៉ុស្តិ៍អូរលែ

-ទី២ ឈ្មោះ កើត វេហា ហៅឆៃ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ យោធា

-ទី៣ ឈ្មោះ កើត វេត្តា ហៅតុន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ យោធា

-ទី៤ ឈ្មោះ ទន ធារ៉ា ហៅអូន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ នគរបាលប៉ុស្ដិ៍អូរលែ

-ទី៥ ឈ្មោះ ឡាយ សាវី ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ យោធា

ពីបទ អន្តរាគមន៍ ផ្តល់ការអនុញ្ញាតដោយផ្ទាល់ និងដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើ បទ សមគំនិតក្នុងអំពើកាប់រំលំ និងប្រមូលរុក្ខជាតិមានដោយកម្រ និងជិតផុតពូជ ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិ ពូហ្សាម ឃុំសែមមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌគិរី យោងតាមមាត្រា ១០០ នៃច្បាប់ស្តីពី ព្រៃឈើ មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៦១ ចំណុច ៤ នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិ។

-និងទី៦ ឈ្មោះ ឈាង វ៉ាន់និត ហៅ ទុំ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បើកបរ ពីបទ ផ្តល់ជំនួយដល់ចារី និងលុបបំបាត់វត្ថុតាង ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិ ពូហ្សាម ឃុំសែមមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌគិរី យោងតាមមាត្រា ៥៤៤ ចំណុច ៤ និងមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចប៉ុស្ដិ៍អូររលែ ភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានការបាញ់សម្លាប់ជនរងគ្រោះ៖
-ទី១ ឈ្មោះ សេក វឌ្ឍនា ជាមន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស
-ទី២ ឈ្មោះ តើន សុខណៃ ជាមន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
-និងទី៣ ឈ្មោះ ថុល ខ្នា ជាបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)

ក្រោយពីជនរងគ្រោះ បានចុះទៅបង្ក្រាបបទល្មើសព្រៃឈើ នៅក្បែរកន្លែងកើតហេតុ៕

https://youtu.be/xr0uGfM18uw

មតិយោបល់