ព័ត៌មានជាតិ

តុលាការបង្គាប់ឱ្យនាំខ្លួនលោក នី ចរិយា មកសួរបន្ថែមពាក់ព័ន្ធរឿងសូកប៉ាន់សាក្សី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យមន្ត្រីពន្ធនាគារ រាជធានីភ្នំពេញ PJ នាំខ្លួនលោក នី ចរិយា មកកាន់សាលាដំបូងដើម្បីសាកសួរ បន្ថែមពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី ជាម្តាយបង្កើតរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដើម្បីឱ្យជួយលោងលោមស្រីមុំ កុំឱ្យនិយាយការពិត ពីទំនាក់ទំនងស្នេហ៍រវាងរូបនាង និងលោក កឹម សុខា ប្រធានស្តីទី គណៈបក្សសង្គ្រោះជាតិ។

ការនាំខ្លួនលោក នី ចរិយា មកសាកសួរបន្ថែមនេះបានធ្វើឡើង នៅក្រោយពេល ដែលសភាសើុបសួរនៃសាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ បានច្រានចោល បណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ លោក និង មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូបទៀត។

គួររំឮកថាលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) រងការចោទប្រកាន់ពីបទ សមគំនិតសូកប៉ាន់សាក្សី តាមមាត្រា ២៩ និងមាត្រា ៥៤៨ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំំពេញ កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានចៅក្រមសើុប សួរខាងលើចេញដីកាសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕

មតិយោបល់