ព័ត៌មានជាតិ

បញ្ជូនខ្លួន ក្រុមឧក្រិដ្ឋជនចាប់ជម្រិតចំនួន ២៩នាក់ ទៅកាន់តុលាការ ចាត់ការបន្តតាមច្បាប់

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះបានបញ្ជូន ក្រុមឧក្រិដ្ឋជន ជាជនជាតិថៃ និងចិនតៃវ៉ាន់ ប្រុសស្រី ចំនួន ២៩នាក់ ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណី ចាប់ជម្រិត តាមប្រព័ន្ធអ៊ីនធឺណេត។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹង រាប់រយ របស់ជនរងគ្រោះ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ នគរបាលអន្តោរប្រវេសន៍ថៃ បានបើកប្រតិបត្តិការបង្ក្រាប ក្រុមឧក្រិដ្ឋជន បានចំនួន ៣៦នាក់ ក្នុងនោះ មាន ជនជាតិខ្មែរ ៤នាក់ ជនជាតិ ចិនតៃវ៉ាន់ ៦នាក់ និងជនជាតិ ថៃ២៦នាក់នៅទីតាំង ចំនួន ៣ផ្សេងៗគ្នា រួមមាន៖

-ចំណុចផ្លូវ៨៦ ភូមិ រោងចក្រ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ជាជនជាតិខ្មែរ។

-ចំណុច ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣២នាក់ ក្នុងនោះ មាន បុរសជនជាតិ ចិនតៃវ៉ាន់ ០៤នាក់ ជនជាតិថៃ ចំនួន ២៥នាក់ (ស្រី ០៨នាក់) និងស្ត្រីជនជាតិខ្មែរ ចំនួន ០៣នាក់។

-និងចំណុច ក្រុមទី១៤ ភូមិ២ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣នាក់ មានបុរសជនជាតិ
ចិនតៃវ៉ាន់ចំនួន ២នាក់ និងបុរសជនជាតិថៃ ម្នាក់។

យោងតាមការបញ្ជាក់របស់សមត្ថកិច្ច បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសាកសួររួច មានជនសង្ស័យ ចំនួន ២៩នាក់ រួមមានជនជាតិថៃ ២៥នាក់ និជនជាតិចិនតៃវ៉ាន់ ៤នាក់ ដែលត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នាព្រឹកនេះ៕

មតិយោបល់