ភ្នំពេញៈ យោងតាមប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា លោក កោ វណ្ឌី ជាចៅក្រមសើបសួរបានស្តាប់ចម្លើយលោក ហុង សុខហួរ ជាសាក្សី នៅក្នុងសំណុំរឿង ដែលបានបំបែកចេញពីសំណុំរឿងដើម ដែលចោទប្រកាន់លើលោក ហុង សុខហួរ ពីបទក្លែងឯកសារសាធារណៈ និងញុះញង់ បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងបញ្ជូនទៅជំនុំជម្រះនាពេលសវនាការកន្លងមក។
លោក ហុង សុខហួរ បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេលចូលក្នុងរថយន្តថា នៅព្រឹកនេះលោកត្រូវបានតុលាការសាកសួរក្នុងនាមជាសាក្សីពាក់ព័ន្ធនឹងលោក សម រង្សី។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃសនាំយកជនជាប់ចោទឈ្មោះ ហុង សុខហួរ មកសាកសួរបន្ថែមទៀតក្នុងនាមជាសាក្សី ពាកព័ន្ធនឹងសំណុំរឿងក្លែងផែនទីព្រំដែនរវាងកម្ពុជា និងវៀតណាម បង្ហោះលើទំព័របណ្តាញសង្គមហ្វេសប៊ុក របស់លោក សម រង្សី កាលពីពេលន្លងទៅ។
ការបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទរូបនេះមកសាកសួរបន្ថែមពីសំណាក់ចៅក្រមស៊ើបសួរ បានធ្វើឡើងនៅក្រោយពេលដែលលោក ជូង ជូងី មេធាវីការពារសិទ្ធិជនជាប់ចោទបានព្យាយាម ដាក់ពាក្យប្តឹងសុំនៅក្រៅឃុំឲ្យកូនក្តីលោក ទៅតុលាការជាន់ខ្ពស់ ប៉ុន្តែមិនដែលបានសម្រេច។
គួររំឮកថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភារបស់គណៈបក្សសមរង្ស៊ី ត្រូវបានលោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៥កន្លងទៅ។
លោក ហុង សុខហួរ ត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ តំណាងអយ្យការសម្រេចចោទប្រកាន់ពីបទក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម យោងតាមមាត្រា៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណគការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមឆ្នាំ១៩៧៩ ត្រង់មាត្រា៤ និងយកឯកសារក្លែងនោះទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។
លោក ហុង សុខហួរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះរបស់លោកយន្តថា រ៉ូ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ របស់ គណបក្សសង្គ្រោះជាតិ នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយមកលោក ហុង សុខហួរ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន ទៅតុលាការនៅរសៀលថ្ងៃដដែលដើម្បីបន្តនីតិវិធី៕
មតិយោបល់