ព័ត៌មានជាតិ

ព្រឹទ្ធឹសភា បើកសម័យប្រជុំពេញអង្គលើកទី៨

(ភ្នំពេញ)៖ កាលពីម៉ោង ៨និង០០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា មានការបើកសម័យប្រជុំពេញអង្គលើកទី៨ នៃព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី
២. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព

ក្នុងរបៀបវារៈទី១ ដោយយោងសេចក្តី សម្រេចរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី និងដោយបានការឯកភាពពីអង្គប្រជុំ គណៈកម្មាធិការអចិន្ត្រៃយិ៍នៃព្រឹទ្ធសភា នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចប្រធានព្រឹទ្ធសភា បានចេញសេចក្តីសម្រេចលេខ ០២៦/០៤១៦/ ពស/ស.រ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ សម្រេចទទួលស្គាល់ សមាជិក ព្រឹទ្ធសភាពថ្មីសម្រាប់ នីតិកាលទី៣ ចំនួន ០២រូប៖

១. លោកស្រី ជិន សុងីម ជាសមាជិកាព្រឹទ្ធសភា មណ្ឌលភូមិភាគទី៥ ( ខេត្ត តាកែវ កំពត និងខេត្ត កែប ) ជំនួស លោក ប៉េង ប៉ាត់ ដែលបានទទួលមរណភាព។
២. លោក យឹម ឃុនឃឿន ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៦ ( ខេត្ត ព្រៃវែង ស្វាយរៀង ) ជំនួស លោក គង់ គាំ ដែលបានសុំចូលនិវត្តន៍។
លោកស្រី ជិន សុងីម និង លោក យឹម ឃុនឃឿន ត្រូវធ្វើសច្ចាប្រណិធាន មុនពេលចូលកាន់តំណែង ហើយអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ត្រូវចាត់ចែងនីតិវិធី បន្តដើម្បីអនុវត្ត។

ចំពោះរបៀបវរៈទី២ បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់ របាយការណ៍ស្តីពី ការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព របស់លោកស្រី មាន សំអាន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ស្តាប់ការពិភាក្សារបស់អង្គប្រជុំ និងស្តាប់ការបកស្រាយបំភ្លឺរបស់តំណាង រាជរដ្ឋាភិបាល (លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោល ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ) រួចមក អង្គព្រឹទ្ធសភា បានអនុម័ត ៤០/៤៦សម្លេង លើខ្លឹមសារទាំងមូលនៃសេចក្តីព្រាងច្បាប់ ដោយយល់ព្រមឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ។

មុនបញ្ចប់ សម្តេចប្រធានព្រឹទ្ធសភា បានប្រកាស់បិទសម័យប្រជុំ លើកទី៨ នៃព្រឹទ្ធសភា នីតិកាលទី៣ ចាប់ពីពេលនេះតទៅ។ ហើយក្នុងចន្លោះសម័យប្រជុំនេះ ស្របតាមការកំណត់ក្នុងប្រការ៥៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា និង សមាជិកគណៈកម្មការនានា បំពេញការងារជាប្រក្រតី ក្នុងព្រឹទ្ធសភា និងចុះទៅប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និង អាជ្ញាធរដែនដី ក្នុងភូមិភាគ។

ព្រមជាមួយនេះដែរ សម្តេចប្រធានព្រឹទ្ធសភា ក៏បានប្រសិទ្ធពរជ័យ និងជូនពរបវរ មហាប្រសើរ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ សមាជិកា សមាជិក ព្រឹទ្ធសភា និង តំណាងរាជរដ្ឋាភិបាល ដែលបានអញ្ជើញចួលរួម នាឱកាសនេះ សូមប្រកបដោយពុទ្ធពរ ៤ប្រការ គឺអាយុវណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕

photo_2016-04-12_15-12-13 photo_2016-04-12_15-12-15 photo_2016-04-12_15-12-15 (2) photo_2016-04-12_15-12-14 photo_2016-04-12_15-12-17 photo_2016-04-12_15-12-16 photo_2016-04-12_15-12-18

មតិយោបល់